សហគមន៍​ព្រៃឡង់​ទាមទារ​ឱ្យ​ក្រសួង​បង្ហាញ​ភស្តុតាង​ករណី​ចោទ​ពួកគេ​ថា ធ្វើ​ឡើង​បង្កប់​រឿង​នយោបាយ

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៣។ RFA

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​រួមមាន ខេត្ត​ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និង​ខេត្ត​កំពង់ធំ​ខកចិត្ត​ជា​ខ្លាំង ដែល​ក្រសួងបរិស្ថាន​ចោទ​ពួកគេ​ថា ការពារ​ព្រៃឈើ បង្កប់​នូវ​របៀបវារៈ​នយោបាយ និង​ប្រើប្រាស់​ព័ត៌មាន​មិន​ពិត ដើម្បី​ធ្វើ​របាយការណ៍​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ។ ពួកគេ​ទាមទារ​ឱ្យ​ក្រសួង​សាមី​មួយ​នេះ បង្ហាញ​ភស្តុតាង​ក្នុង​រឿង​នេះ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ដែល​ចោទ​ពួកគេ​ថា ការពារ​ព្រៃ​ឡង់​បង្កប់​នូវ​របៀបវារៈ​នយោបាយ និង​ធ្វើ​របាយការណ៍​បំណង​ស្វែងរក​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ ដើម្បី​ការងារ និង​ប្រាក់ខែ​របស់​ខ្លួន​។ ពួកគេ​អះអាង​ថា ការ​លើក​ឡើង​នេះ ជា​ការ​លាប​ពណ៌​និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន។

អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ខំ​ប្រឹងប្រែង​ជិត ២០​ឆ្នាំ​មក​ហើយ ​ដើម្បី​ការពារ​ធនធានធម្មជាតិ និង​រួម​សហការ​ជាមួយ​រដ្ឋាភិបាល​ការពារ​ព្រៃឈើ ក៏ប៉ុន្តែ​មិន​ទទួល​បាន​ការ​លើក​ទឹកចិត្ត​នោះ​ទេ​។ ផ្ទុយទៅវិញ ពួកគាត់​បែរជា​ទទួលរង​ការចោទប្រកាន់ ពី​ក្រសួងបរិស្ថាន​ថា កង្កប់​នូវ​របៀបវារៈ​នយោបាយ និង​ផ្តល់​ព័ត៌មាន​មិន​ពិត​។ លោក​ទាមទារ​ឱ្យ​ក្រសួង​សាមី​នេះ បង្ហាញ​ភស្តុតាង​ឱ្យ​ច្បាស់លាស់​?៖ «ជាពិសេស​ក្រសួង​បរិស្ថាន​តែម្ដង សូម​ឱ្យ​គាត់​បង្ហាញ​ធាតុ​ពិត​ថា ក្រុម​ពួក​ខ្ញុំ​ធ្វើ​ទាក់ទង​គណបក្ស​នយោបាយ គឺ​សកម្មភាព​អី​ខ្លះ​? សូម​ឱ្យ​គាត់​បង្ហាញ​ជា​វីដេអូ ឬ​ចេញ​ជា​សេចក្ដី​ថ្លែងការណ៍ ឬ​ព័ត៌មាន​អី​ផ្សេងៗ ដើម្បី​បញ្ជាក់​ប្រាប់​ថា តើ​តំបន់​ព្រៃ​ឡង់​យើង យើង​ធ្វើ​សកម្មភាព​ហ្នឹង វា​ទាក់ទង​គណបក្ស​នយោបាយ​អី​ខ្លះ​? ខាង​ខ្ញុំ​តាំងចិត្ត និយាយ​ឱ្យចំ​ខាង​ខ្ញុំ​គឺ មិន​មាន​អ្វី​ទាក់ទង​គណបក្ស​នយោបាយ​ទេ អត់​មាន​ទាល់តែ​សោះ»​។

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​ទៅ​កាន់​អ្នក​ចូល​ដាំ​កូន​ឈើ​នៅ​ព្រៃ​សហគមន៍​ក្បាលខ្លា នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna RFA/Saut Sokprathna

​លោក ហឿន សុភាព បន្ថែម​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង ៤​ខេត្ត បាន​ស្ម័គ្រចិត្ត​បម្រើ​ការងារ​ជួយ​ការពារ​ព្រៃ​ឡង់​ដោយ​គ្មាន​ប្រាក់ខែ ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ឆ្នាំ​២០១៦ ទើប​រដ្ឋាភិបាល​ចាត់​ឱ្យ​ក្រសួង​បរិស្ថាន​ការពារ​ព្រៃ​ឡង់​។ លោក​ថា មានរឿង​អាស្រូវ​ជាច្រើន​ក្នុង​តំបន់​ព្រៃ​ឡង់ បន្ទាប់ពី​ក្រសួង​បរិស្ថាន​គ្រប់គ្រង ជាពិសេស គឺ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ និង​ការ​កាប់​ទន្ទ្រាន​រុករាន​ដី​ព្រៃ​ជាដើម​៖ «ក្រុម​យើង​គ្រាន់តែ​អ្នកការពារ និង​ជួយ​ចូលរួម​ក្នុង​សង្គម ក្នុង​ប្រទេសជាតិ​ខ្លួនឯង ពិបាក​ក្នុង​ការ​សហការ ពិបាក​ក្នុង​ការ​សុំច្បាប់​ទម្លាប់​អី​ច្រើន​។ វា​មិន​ងាយស្រួល​ដូច​ក្រុម​ពួក​កាប់​ឈើ បើ​ក្រុម​ពួក​កាប់​ឈើ គេ​មិន​ចាំបាច់​ធ្វើការ​សហការ​ជាមួយ​នរណា គេ​លួច​កាប់​បាន​។ ប៉ុន្តែ​បើ​ក្រុម​យើង ដែល​ជា​ក្រុម​ជួយ ក្នុងនាម​ជួយ​សង្គម ជួយ​ពលរដ្ឋ​ខ្លួនឯង ជួយ​ប្រទេសជាតិ​ខ្លួនឯង វា​ទៅជា​មានរឿង​ពិបាក​ក្នុង​ការ​ជួយ»។

សហគមន៍​ព្រៃឡង់​ឃាត់​ចាប់​បទល្មើស ក្នុង​ព្រៃឡង់ នៅ​ក្នុង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៩។ រូប​ពី​សហគមន៍

កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ប្រាប់​អាស៊ីសេរី​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម ស៊ីកណល (Signal) ថា ក្រសួង​បរិស្ថាន​មិន​អធិប្បាយ​លើ​របាយការណ៍​របស់​សហគមន៍​ព្រៃ​ឡង់​នោះ​ទេ ព្រោះ​បណ្ដាញ​សហគមន៍​ព្រៃឡង់ ជា​បណ្ដាញ​ក្រៅច្បាប់ មិន​ទាន់​ចុះបញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ​។ លោក​បន្ត​ថា សកម្មភាព​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បង្កប់​របៀបវារៈ​នយោបាយ ប្រើប្រាស់​ព័ត៌មាន​មិន​ពិត និង​ប្រព័ន្ធ​ទិន្នន័យ​គ្មាន​ការ​ទទួលស្គាល់​។ លោក​បន្ថែម​ថា ពួកគេ​បាន​រៀបចំ​របាយការណ៍ ដើម្បី​បន្ត​ស្វែងរក​ការ​គាំទ្រ​ហិរញ្ញវត្ថុ និង​រក្សា​ប្រាក់ខែ​របស់​ខ្លួន​ប៉ុណ្ណោះ​។ ចំពោះ​សំណួរ​ថា តើ​ក្រសួងបរិស្ថាន មាន​ភស្តុតាង​ទេ ករណី​ចោទ​សហគមន៍​ព្រៃ​ឡង់​ថា បង្កប់​របៀបវារៈ​នយោបាយ​នោះ​? អ្នកនាំពាក្យ​រូប​នេះ​នៅ​មិនទាន់​ឆ្លើយ​សំណួរ​នេះ​ទេ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក នេត្រ ភត្ត្រា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​តាម​ទូរស័ព្ទ តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ។

សមាជិក​សហគមន៍​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ បបួល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ និង​លោក នេត្រ ភ​ត្ត្រា ចុះ​ពិនិត្យ​ស្ថានភាព​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ព្រៃឡង់​ជាមួយ​សហគមន៍ ដោយ​លោក​បន្ថែម​ថា កុំ​សម្ងំ​តែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ មើល​តែ​របាយការណ៍​មន្ត្រី​ថ្នាក់ក្រោម​។ លោក​យល់​ថា ការ​ចោទប្រកាន់​របស់​ក្រសួង​បរិស្ថាន គឺជា​ចេតនា​ចង់​លាក់បាំង​ព័ត៌មាន ពី​ភាព​មិន​ប្រក្រតី​ក្នុង​តំបន់​ព្រៃឡង់ ដែល​ខ្លួន​មាន​តួនាទី​ការពារ និង​អភិរក្ស បែរជា​ធ្វេស​ប្រហែល ឱ្យ​កើតមាន​សកម្មភាព​កាប់​ឈើ​ធំៗ និង​ទន្ទ្រានព្រៃ​ខុសច្បាប់​បែប​អនាធិបតេយ្យ​៖ «បណ្ដាញ​សហគមន៍​ព្រៃឡង់​ធ្វើការ ជា​របៀបវារៈ​នយោបាយ​សូម​ឱ្យ​បង្ហាញ​ភស្តុតាង។ ស្ថាប័នរដ្ឋ​បែរ​ជា​ជួយ​ការពារ​ក្រុមហ៊ុន​ខិលខូច មិន​ការពារ​ពលរដ្ឋ ឬក៏​ស៊ើបអង្កេត​មូលហេតុ​។ ហេតុអ្វី​បានជា​ពលរដ្ឋ ផ្សព្វផ្សាយ​ឬក៏​ផុស​ព័ត៌មាន​បែប​ហ្នឹង​ហើយ​ប្រសិនជា​ពលរដ្ឋ​បំផ្លើស​មែន គួរតែ​ហៅ​គាត់​ទៅ​អប់រំ ឬក៏​យ៉ាងម៉េច​ច្បាស់​លាស់ ផ្អែក​លើ​ភស្តុតាង​ដែល​គាត់​ប្រមូល​បាន​ផង​។ គាត់​ហ៊ាន​ទេ ហ៊ាន​ចុះ​ផ្ទាល់​ជាមួយ​សហគមន៍​ទេបើ​គាត់​ហ៊ាន​ខ្ញុំ​នឹង​ស្វាគមន៍»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ប្រសិនបើ​ក្រសួង​បរិស្ថាន​ចោទ សហគមន៍​ព្រៃឡង់​ថា ធ្វើ​សកម្មភាព​បង្កប់​របៀបវារៈ​នយោបាយ គឺជា​សញ្ញា​គំរាម​ដល់​ស្មារតី ការពារ​ព្រៃ​ឡង់​របស់​សហគមន៍ ដែល​ច្បាប់​បាន​អនុញ្ញាត។ លោក​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ការពារ​ធនធានធម្មជាតិ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​គួរតែ​លើកទឹកចិត្ត មិន​គួរ​ចោទប្រកាន់​ដូច្នេះ​ទេ​៖ «ខ្ញុំ​គិត​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​មួយ​ចំពោះ​អ្នកការពារ​ព្រៃ​ឡង់​ហ្នឹងហើយ​។ ក្រសួង​គួរតែ​ចុះ​ស៊ើបអង្កេត​លើ​អ្វី​ដែល​សហគមន៍​ព្រៃ​ឡង់​បាន​រក​ឃើញ ចៀសវាង​ស្រែក​លាប​ពណ៌​ថា វា​មិន​មានអី​ជាដើម ដើម្បី​ប្រឆាំង​អី​ជាដើម​។ ខ្ញុំ​ជឿ​ថា អ្វី​ដែល​សហគមន៍​ព្រៃឡង់​ប្រតិកម្ម​ហ្នឹង​ជា​រឿង​ពិត ព្រោះ​លោក​ចង់​បាន​ធនធាន​ធម្មជាតិ​នៅ​គង់វង្ស»។

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA

រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ និង​មាត្រា ៤១ ចែងថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ​។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ៕

ប្រភព៖ វិទ្យុអាស៊ីសេរី