សហគមន៍ព្រៃឡង់ បង្ហាញពីការកាប់ឈើក្នុងតំបន់ព្រៃឡង់កើនឡើងខ្លាំង ប៉ុន្តែមន្ត្រីច្រានចោល
ភ្នំពេញៈ បណ្ដាញសហគមន៍ព្រៃឡង់បានលើកឡើងថា សកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់នៅតែបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាង ៥ ខែ ក្នុងឆ្នាំ ២០១៩ នេះ និងបានអំពាវនាវឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលចាត់ទុកការលើកឡើងនេះថាជាការមិនពិត និងមានរបៀបវារៈជារឿងនយោបាយ។
តាមសេចក្ដីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី ១៧ ខែ មិថុនា របស់បណ្តាញសហគមន៍ព្រៃឡង់ ពួកគេអះអាង ថា ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំងក្លា។ ពួកគេបានបង្ហាញពីក្ដីកង្វល់ចំពោះការកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ និងសកម្មភាពល្មើសច្បាប់ជាច្រើនករណីផ្សេងទៀតដែលកំពុងតែកើតមានឡើងនៅក្នុងតំបន់ព្រៃឡង់។
បណ្ដាញព្រៃឡង់បញ្ជាក់ថា សកម្មភាពកើនឡើងទាំងនេះ ដោយសារមានការអនុញ្ញាតឱ្យដឹកឈើជាច្រើនគោយន្តក្នុង ១ ថ្ងៃៗ និងឧបករណ៍សម្រាប់កាប់ឈើ កាត់តាមមុខស្នាក់ការយាមរបស់មន្ត្រីឧទ្យានុរក្ស។ ការកាប់រានដីព្រៃ និងដែនជម្រកសត្វព្រៃរបស់អ្នកមានអំណាចនិងពលរដ្ឋចំណូលថ្មី។
ការដំឡើងរោងម៉ាស៊ីនអារឈើដោយក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ខូអិលធីឌី។ ការចេញលិខិតអនុញ្ញាតរបស់អាជ្ញាធរមូលដ្ឋានឱ្យពលរដ្ឋចូលទៅកាប់ឈើក្រោមលេសសាងសង់ផ្ទះ ការប្រើប្រាស់អាវុធកែច្នៃបាញ់សត្វព្រៃ និងការធ្វើអាជីវកម្មរ៉ែមាសដោយក្រុមហ៊ុននិងជនអនាធិបតេយ្យ។
កញ្ញា ឈាង លី តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ការចេញសេចក្ដីថ្លែងការណ៍ស្ដីពីការកាប់ឈើក្នុងតំបន់ព្រៃឡង់នេះ គឺដោយសារការចុះល្បាតឃ្លាំមើលរបស់ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ដែលតែងធ្វើឡើង ១ ខែម្ដងដោយបានរកឃើញថា ចាបពីឆ្នាំ ២០១៨ ដល់ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើនឡើងខ្លាំងដដែល។
រាល់បទល្មើសដែលបានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ គឺកើតឡើងទាំង ៤ ខេត្ត នៃតំបន់ព្រៃឡង់។
កញ្ញា ឈាង លី បញ្ជាក់ថា៖ «ការកាប់ឈើក្នុងឆ្នាំ ២០១៩ ហ្នឹងខ្លាំងមែនទែន និយាយរួមក្នុងឆ្នាំ ២០១៩ គឺចាប់ផ្ដើមពីខែ ២ មក។ ចា៎! បណ្ដាញសហគមន៍ព្រៃឡង់ទាំង ៤ ខេត្ត បានចុះល្បាតជារៀងរាល់ខែ»។
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់បានស្នើសុំវិធានការពីរដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើដែលពួកគេបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។ ពួកគេស្នើឱ្យក្រសួងបរិស្ថានរៀបចំផែនការយុទ្ធសាស្ដ្រជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើ ការកាប់រានដីព្រៃសម្រាប់កសិកម្មថ្មីៗ កាំភ្លើងកែច្នៃ និងសម្ភារសម្រាប់បម្រើការប្រព្រឹត្តបទល្មើស។ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាល ត្រូវដកហូតម៉ាស៊ីនអារឈើទាំងអស់នៅតាមភូមិឃុំរហូតដល់ខេត្តនិងបញ្ឈប់ការនាំចូល និងត្រូវដាក់ទោសចំពោះមន្ត្រីរូបណា ដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថានចាត់ទុកសេចក្តីថ្លែងការណ៍នោះ ជាសេចក្ដីថ្លែងការណ៍បំប៉ោងទិន្នន័យនាំឱ្យមានការចាប់អារម្មណ៍និងមានរបៀបវារៈនយោបាយ ដើម្បីឱ្យសាធារណជនយល់ច្រឡំ និងមានចេតនាបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការងារអភិរក្សធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា ឆ្លើយតបថា៖ «ក្រសួងទទួលស្គាល់ថានៅមានបទល្មើសទ្រង់ទ្រាយតូចនៅកើតឡើងនៅឡើយក្នុងតំបន់អភិរក្ស ដែលចាំបាច់ត្រូវចាត់វិធានការបន្តក្នុងការបង្ក្រាបជាបន្តបន្ទាប់ ហើយជាលទ្ធផលនៅក្នុងឆ្នាំ ២០១៨ កន្លងទៅ បទល្មើសធនធានធម្មជាតិមានការធ្លាក់ចុះនៅក្នុងតំបន់ព្រៃឡង់ មិនដូចអ្វីដែលក្រុមបណ្ដាញព្រៃឡង់បានលើកឡើងនោះទេ»។
ទោះជាយ៉ាងណា លោកបន្តថា ក្រសួងបរិស្ថាននៅតែស្វាគមន៍ការចុះល្បាតរួមគ្នាជាមួយបណ្ដាញសហគមន៍ព្រៃឡង់ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ប៉ុន្តែមិនអនុញ្ញាតឱ្យជនខិលខូចបង្ខូចកេរ្ដិ៍ឈ្មោះឬលាបពណ៌អាក្រក់មកលើមន្ត្រីឧទ្យានុរក្សឡើយ ពីព្រោះពួកគេបានលះបង់សព្វបែបយ៉ាងក្នុងនាមជាឆ្មាំការពារធម្មជាតិ។
លោកបានស្នើឱ្យក្រុមបណ្ដាញសហគមន៍ព្រៃឡង់ គួរបញ្ជូនឯកសារជាភ័ស្ដុតាងមកកាន់ក្រសួង ជាជាងការចោទប្រកាន់ដោយគ្មានភ័ស្ដុតាង ក្នុងន័យបង្ខូចឈ្មោះរបស់មន្ត្រីបែបនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ក៏បានបង្ហាញរបាយការណ៍ក្នុងឆ្នាំ ២០១៨ ដែលពួកគេបានចុះល្បាតនិងបានដកហូតឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើមួយចំនួនប្រគល់ឱ្យមន្ត្រីជំនាញ ដូចជា ម៉ាស៊ីនរណារយន្ត ៩៨ គ្រឿង កាំភ្លើងកែច្នៃ ២១ ដើម អន្ទាក់សត្វព្រៃ ៥៨១ អន្ទាក់ គោយន្ត ចំនួន ១៣ គ្រឿង ឧបករណ៍ឆក់ត្រីចំនួន ២ គ្រឿង ឈើអារច្រៀក ៥៩,៤៥ ម៉ែត្រគុប ឈើកាត់ផ្ដួលរលំរួចចំនួន ៧៤ ដើម និងបានរកឃើញគល់ឈើថ្មីចំនួន ៧១៩ គល់ ផងដែរ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏