សកម្មជនថាកម្មករ ២០០ នាក់ កំពុងកាប់ឈើក្នុងព្រៃឡង់ តែអាជ្ញាធរបដិសេធ
ក្រចេះ: សកម្មជនការពារព្រៃឈើបានចុះស្រាវជ្រាវបទល្មើសព្រៃឈើរយៈពេល ១០ ថ្ងៃ នៅក្នុងតំបន់ព្រៃឡង់ហើយអះអាងថា បានប្រទះឃើញក្រុមកម្មករជាង ២០០ នាក់ កំពុងបោះជំរំកាប់បំផ្លាញព្រៃឈើចំនួន ៥ ទីតាំងផ្សេងគ្នាដោយទើបកាប់ផ្តួលរំលំដើមឈើប្រមាណ ២០០០ ដើម ប៉ុន្តែអាជ្ញាធរបានបដិសេធចំពោះការអះអាងនេះ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្រុមយុវជនរបស់លោកចំនួន ៤ នាក់បាននាំគ្នាចុះស្រាវជ្រាវអំពីបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៧ ខែមេសា ហើយបានប្រទះឃើញអ្នកកាប់ឈើចំនួន ៥ ក្រុមដែល ១ ក្រុមមានគ្នាចាប់ពី ៥០ ទៅ ៦០ នាក់ បានបោះជំរំធ្វើសកម្មភាពកាប់ផ្ដួលរំលំដើមឈើ រួចហើយដឹកតាមគោយន្តយកទៅលក់ឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODIA) ក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood)។
លោកបន្តថា ការបោះជំរំដើម្បីកាប់ឈើទាំង ៥ ទីតាំងនេះគឺស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលដើមឈើត្រូវបានកាប់ផ្ដួលរំលំរួចហើយ មិនក្រោមពីចំនួន ២ ពាន់ដើមឡើយ និងមានមុខកាត់ចាប់ពីកន្លះម៉ែត្រទៅដល់ ៣ ម៉ែត្រ ដោយប្រើគោយន្តជិត ២០០ គ្រឿងសម្រាប់ដឹកជញ្ជូនឈើទាំងនោះចូលទៅក្នុងក្រុមហ៊ុន។
លោកថា៖ «យើងមានភ័ស្ដុតាងរួមទាំងរូបភាពហើយដឹងថា មានមេការក្រុមហ៊ុនកំពុងសម្រុកទៅយកដើមឈើ ១ ដើមដែលមានមុខកាត់ ៣ ម៉ែត្រក្នុងនោះរួមទាំងដើមជ័រច្បោះដែលសហគមន៍អាស្រ័យផលក៏ត្រូវគេកាប់ផ្ដួលរំលំអស់ហើយ»។ «យើងទៅដល់គឺយើងបានជួបកម្មករដែលកំពុងតែកាប់ឈើហ្នឹងតែម្ដងហើយយើងសម្ភាស យើងសួរនាំគាត់។ ពួកគាត់បានប្រាប់យើងត្រង់ៗ»។
បើតាមលោកស្រស់សកម្មភាពកាប់ឈើដ៏កក្រើកនេះកើតឡើងស្របពេលដែលមានមន្ត្រីចម្រុះរួមទាំងមន្ត្រីបរិស្ថានផងបានព្យាយាមបិទផ្លូវចេញចូលនៅជុំវិញតំបន់ព្រៃឡង់ចាប់ពីថ្ងៃទី ២០ ខែមេសា ដើម្បីរារាំងមិនឱ្យក្រុមសកម្មជន និងពលរដ្ឋចូលទៅកាន់តំបន់ព្រៃឡង់ដែលមើលទៅហាក់ដូចជាការបិទផ្លូវ ដើម្បីបើកដៃឱ្យក្រុមហ៊ុនកាប់ឈើជាលក្ខណៈទ្រង់ទ្រាយធំ។
លោកថា ក្រុមយុវជនរបស់លោកទាំង ៤ នាក់បានលួចចូលទៅស្រាវជ្រាវក្នុងតំបន់ព្រៃឡង់ដោយមិនបានឱ្យអាជ្ញាធរដឹងឡើយ។ «ខ្ញុំគិតថា ក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធទាំងអស់គួរសិក្សាជាថ្មីមិនគួរបិទផ្លូវមិនឲ្យសកម្មជនចូល តែបើកដៃឱ្យក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើសម្បត្តិជាតិខ្លួនអ៊ីចឹងទេ…»។
លោក ស្រស់ បានចោទក្រុមអាជ្ញាធរថា ក្នុងនាមជាអ្នកអនុវត្តច្បាប់ ប៉ុន្តែបានប្រើប្រាស់ច្បាប់ដើម្បីការពារអ្នកបំផ្លាញព្រៃឈើហើយបែរជាមិនបានប្រើច្បាប់ ដើម្បីការពារអ្នកស្រឡាញ់ និងការពារសម្បត្តិធម្មជាតិទៅវិញ។
ប៉ុន្តែលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបដិសេធថា មិនមានការបិទច្រកចេញចូលទៅក្នុងតំបន់ព្រៃឡង់ឡើយ ហើយលោកថា ការលើកឡើងរបស់លោក ស្រស់ ថាមានមនុស្ស ៥ ក្រុមកំពុងបោះជំរំកាប់ឈើ គឺជាការនិយាយមិនពិត។ លោកថា៖ «អ្វីដែលគាត់លើកឡើងនេះគឺជាការបំភ្លៃ ព្រោះខ្ញុំបានចុះទៅដល់គោលដៅនេះអស់ហើយ និយាយឱ្យចំ យករូបចាស់ៗមកផ្សាយ»។
កាលពីពេលថ្មីៗនេះក្រសួងបរិស្ថានបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអង្គការ និងសមាគមមួយចំនួនដោយមិនបញ្ចេញឈ្មោះ ដោយលើកហេតុផលថា អង្គការសមាគមទាំងនេះកំពុងធ្វើសកម្មភាពខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ និងចាត់ទុកថា ជាក្រុមមិនស្របច្បាប់ ដោយសារមិនទាន់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬមានកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាននៅឡើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា លោកមិនឆ្លើយតបចំពោះការលើកឡើងដែលគ្មានរបាយការណ៍ជាក់លាក់នោះទេ។ «តើឱ្យខ្ញុំវាយតម្លៃ និងជឿជាក់ទៅលើរបាយការណ៍នោះថា មានភាពពិតកម្រិតណា? ដូច្នេះខ្ញុំមិនផ្តល់អត្ថាធិប្បាយណាមួយលើរបាយការណ៍លើបបូរមាត់ទេ។ ម្យ៉ាងទៀតក្រសួងបរិស្ថានសូមជំរុញឱ្យក្រុមបុគ្គលដែលតាំងខ្លួនជាសកម្មជនបរិស្ថាន ឬអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមត្រូវសិក្សាយល់ដឹងពីរបៀបធ្វើការ និងគោរពតាមច្បាប់ជាធរមាន»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏