មន្ត្រីព្រមានបណ្ដាញសហគមន៍ព្រៃឡង់ និង អង្គការ ១ ចំនួន ជុំវិញការប្រមូលទិន្នន័យពីការបំផ្លាញព្រៃ
មន្ត្រីក្រសួងបរិស្ថាន បានព្រមានថា ក្រសួងអាចចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹង បណ្ដាញសហគមន៍ព្រៃឡង់ និង អង្គការមួយចំនួន ប្រសិនបើពួកគេនៅតែបន្តសកម្មភាពប្រមូលទិន្នន័យអំពីការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ ព្រៃឡង់ ដោយគ្មានការអនុញ្ញាត។
ការព្រមានបែបនេះ គឺបន្ទាប់ពីបណ្ដាញសហគមន៍ព្រៃឡង់ បានលើកឡើងពីការប្រើប្រាស់វិធីថ្មីមួយទៀត តាមរយៈប្រព័ន្ធផ្កាយរណប ដើម្បីតាមដាន និង ប្រមូលព័ត៌មានអំពីការកាប់ព្រៃក្នុងតំបន់ព្រៃឡង់ ស្របពេលដែលក្រសួងបរិស្ថាន បានហាមពួកគេមិនឲ្យចុះល្បាតព្រៃដូចសព្វដង។
ក៏ប៉ុន្តែ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ កាលម្សិលមិញថា សកម្មភាពរបស់បណ្ដាញសហគមន៍ព្រៃឡង់ នាពេលនេះ គឺប្រឆាំងនឹងច្បាប់ដែលបង្ហាញពីការធ្វើឧទ្ទាម និង នយោបាយលើបញ្ហាធនធានធម្មជាតិ។
លោកចាត់ទុកថា បណ្ដាញសហគមន៍ នេះត្រូវបានអង្គការមួយចំនួនយកទៅធ្វើអាជីវកម្មនយោបាយដើម្បីផលប្រយោជន៍។
លោកថា៖ «ការប្រើប្រាស់ប្រព័ន្ធផ្កាយរណបដើម្បីស្វែងរកទិន្នន័យ (ធ្វើឡើង) ក្នុងបំណងទុច្ចរិត និង គ្មានការអនុញ្ញាតអាចជា ទង្វើខុសច្បាប់ ហើយក្រសួងបរិស្ថានអាចនឹងពិចារណាស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើអ្នកពាក់ព័ន្ធ។ សកម្មភាពទាំងឡាយទាំងសមាជិកបណ្តាញសហគមន៍ព្រឡង់ និង អង្គការមួយចំនួន កំពុងសម្តែងជ្រកក្រោមស្លាកអ្នកបរិស្ថាន និង អ្នកស្រឡាញ់ធនធានធម្មជាតិ បង្កប់ដោយភាពមិនស្មោះត្រង់ ហើយពួកគេមិនមែនជាសកម្មជនបរិស្ថានឡើយ ប៉ុន្តែ ជាសកម្មជននយោបាយ»។
លោកបានបន្តថា៖ «ក្រសួងសូមព្រមានដល់អង្គការមួយចំនួន ដែលបានធ្វើការងារលើការអភិរក្សធនធានធម្មជាតិត្រូវមានកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ស្របតាមច្បាប់ បើពុំនោះទេក្រសួងគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការច្បាប់ឡើយ»។
កាលពីថ្ងៃទី ១៧ មេសា បណ្ដាញសហគមន៍ព្រៃឡង់ បានជូនដំណឹងមួយថា នៅពេលមិនអាចចុះល្បាតព្រៃ ដើម្បីប្រមូលទិន្នន័យបទល្មើសព្រៃឈើជីវចម្រុះ និង ការប្រែប្រួលអាកាសធាតុដូចមុនបានទៀត ពួកគេអាចប្រើបច្ចេកវិទ្យាផ្តិតយករូបភាពតាមប្រព័ន្ធផ្កាយរណបឬហៅថា (satellite imagery) ដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញជំនួសវិញ។
ពួកគេលើកឡើងថា សាកលវិទ្យាល័យ ម៉ារីឡេន (University of Maryland) ដែលទទួលបានការគាំទ្របច្ចេកវិទ្យា ពីអង្គការឃ្លាំងមើលព្រៃឈើពិភពលោក (Global Forest Watch) កំពុងប្រៀបធៀបរូបភាពថតដោយប្រពន្ធផ្កាយរណប ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ រួមទាំងព្រៃដទៃទៀតផងដែរ ។
បណ្ដាញសហគមន៍ព្រៃឡង់ បានបញ្ជាក់ថា៖ «ខណៈដែលបណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងព្រៃឡង់ ជនល្មើសកាប់ឈើខុសច្បាប់នៅតែអាចចូលទៅកាប់ឈើយ៉ាងមានសេរីភាព តែ ទោះជាយ៉ាងណា យើងនឹងព្យាយាមប្រើប្រាស់រូបភាពផ្កាយរណបនេះដើម្បីបន្តតាមដានសកម្មភាពរបស់បទល្មើសព្រៃឈើ»។
លោក ហឿន សុភាព សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្ត កំពង់ធំ បានថ្លែងថា បណ្ដាញសហគមន៍មានគោលបំណងតែមួយគត់គឺធ្វើយ៉ាងណា ឱ្យគម្របព្រៃឈើក្នុងតំបន់ព្រៃឡង់ មានការកើនឡើងដែលចាំបាច់ត្រូវមានការចូលរួមការពារពីពលរដ្ឋជាមួយរដ្ឋាភិបាល។
លោកថា៖ «ខ្ញុំថា រដ្ឋាភិបាលនិងក្រសួងបរិស្ថានគួរតែអរគុណបណ្ដាញសហគមន៍ព្រៃឡង់ទៅវិញទេ ពីព្រោះការងារ (ការពារព្រៃឈើ) នេះ គឺជាការងាររបស់រដ្ឋាភិបាលនិងក្រសួងបរិស្ថានហើយនៅពេលមានភាគី ផ្សេងទៀតចង់ចូលរួមខ្ញុំគិតថាគឺរដ្ឋាភិបាលនិងក្រសួងបរិស្ថានគួរតែអរគុណ…ហើយមិនអាចមានការព្រមាននិងស្ដីបន្ទោសទៅលើក្រុមដែលកំពុងតែជួយខ្លួនអ៊ីចឹងទេ»។
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានក្រសួងបរិស្ថានហាមឃាត់មិនឱ្យចុះល្បាតនៅក្នុង ព្រៃឡង់ បន្ទាប់ពីក្រុមបណ្ដាញនេះបានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី ៣ ខែកុម្ភៈ ដោយអះអាងថា ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ ព្រៃឈើជាង ៤ ម៉ឺនហិកតា ឬ ស្មើជិត ១០ ភាគរយនៃតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានទំហំសរុបជាង ៤០ ម៉ឺនហិកតាបានបាត់បង់។
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ អះអាងទៀតថា នៅប៉ុន្មានសប្ដាហ៍ខាងមុននេះ ពួកគេនឹងផ្សព្វផ្សាយរូបភាពពីផ្កាយរណបបូករួមទាំងការជូនដំណឹងស្ដីពីការបាត់បង់ព្រៃឈើ ដោយអង្គការឃ្លាំមើលព្រៃឈើពិភពលោក៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏