សកម្មជនបរិស្ថានត្រូវបានដោះលែង បន្ទាប់ពីមានការតវ៉ាជាច្រើនថ្ងៃ
សកម្មជនបរិស្ថានចំនួន៤រួបរួមមាន ម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន លោក អ៊ូច ឡេង ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងខេត្តក្រចេះដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីអ្នកទាំងបួនបានទទួលរងអំពើហិង្សាពីសំណាក់សន្ដិសុខក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) កាលពីថ្ងៃសុក្រ មុនពេលបញ្ជូនឱ្យអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញា ធ្វើការសាកសួរអស់រយៈពេលជាង២ថ្ងៃ។ ក្រុមហ៊ុននេះមានម្ចាស់រួមគ្នារវាងជាជនជាតិតៃវ៉ាន់ និងខ្មែរ ដែលត្រូវបានចោទប្រកាន់ម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ អំឡុងពេលនៃការឃាត់ខ្លួនអ្នកទាំងបួន ព្រះសង្ឃ សកម្មជន និងសមាជិកសហគមន៍ជាច្រើននាក់ បានជួបជុំគ្នាដោយអហិង្សានៅខាងមុខសាលាដំបូងខេត្តក្រចេះ ដើម្បីអំពាវនាវសុំឱ្យដោះលែងអ្នកទាំងបួនវិញ។
លោក អ៊ូច ឡេង ត្រូវបានឃាត់ខ្លួនរួមជាមួយសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់បីរូបទៀតគឺលោក ខេម សុខឃី លោក ស្រី ថី និងសកម្មជនការពារព្រៃឈើ លោក ម៉ាន ម៉ាត់ អំឡុងពេលចុះឃ្លាំមើលនិងធ្វើរបាយការណ៍ស្ដីពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារព្រៃឡង់។ ក្រុមហ៊ុន ស៊ីង បាយអូថេក ដែលទទួលបានដីសម្បទានទំហំជាង ៣៧០០០ ហិចតា ត្រូវបានសហគមន៍ចោទប្រកាន់ជាញឹកញាប់ថា មានការពាក់ព័ន្ធនឹងការប្រមូលផលឈើខុសច្បាប់នៅក្នុងតំបន់ព្រៃការពារ ក៏ដូចជាដើមជ័ររបស់អ្នកភូមិនៅក្នុងសហគមន៍មូលដ្ឋាន។
ទោះបីជាមិនទាន់មានការចោទប្រកាន់ចំពោះសកម្មជនទាំងបួនរួបក្ដី ក៏ពួកគាត់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងនាមជាជនសង្ស័យ ដែលអាចត្រូវរងគ្រោះដោយការកោះហៅរបស់នគរបាលពេលណាក៏បាន។
Source: Licadho Cambodia