សហគមន៍ព្រៃឡង់ខេត្តព្រះវិហារថា គោយន្តមិនក្រោម ៣០គ្រឿងទេដឹកឈើចេញពីព្រៃឡង់ក្នុងមួយថ្ងៃៗ

សកម្មភាពដឹកជញ្ជូនឈើមូលចេញពីដែនជម្រកសត្វព្រៃឡង់ ក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចូលការដ្ឋានក្រុមហ៊ុនស៊ីបាយអូថេក កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩។
សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ អះអាងថា ក្នុងមួយថ្ងៃៗមានគោយន្តមិនក្រោម ៣០គ្រឿងទេ ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តព្រះវិហារមកលក់ឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅក្បែរនោះ។ អ្នកភូមិថា ឈើមូលធំៗបន្សល់ចុងក្រោយដូចជា កកោះ គគីរ ដួងចែម ប៉ាដៀក និងឈើពពាលជាដើម ក្រុមជនល្មើសជាច្រើនក្រុម កំពុងសម្រុកអាររំលំ រួចអារច្រៀកជាបន្ទះក្តារ និងឈើជ្រុងក្នុងព្រៃ ដើម្បីដឹកចេញក្រៅនៅពេលយប់។
សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ឱ្យដឹងនៅថ្ងៃទី៤ កុម្ភៈថា ក្រុមជនល្មើសជាច្រើនក្រុម មានគ្នាជាង ៣០នាក់ ប្រដាប់ដោយម៉ាស៊ីនអារឈើ ឬត្រង់សឺន័រជាង ២០ គ្រឿង កំពុងធ្វើសកម្មភាពអាររំលំឈើមូលធំៗ សល់ចុងក្រោយ នៅចំណុចជាំរៀម ចំណុចក្បាលអូរតួក និងចំណុចវាលពពេល ដើម្បីដឹកលក់ឱ្យថៅកែដែលចាំទទួលទិញ ក្នុងដីសម្បទានសេដ្ឋកិច្ច ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ(THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) នៅជាប់តំបន់ព្រៃឡង់។
ប្រធានសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ថ្លែងថា ឈើមូលធំៗមានមុខកាត់ ៥តឹកឡើងទៅ ក្នុងដែនជម្រកសត្វព្រៃឡង់ កំពុងទទួលរងការកាប់បំផ្លាញយ៉ាងពេញទំហឹង ជាងមួយខែមកហើយ ដោយគ្មានការអនុវត្តច្បាប់។ លោកបន្តអះអាងថា ក្រុមជនល្មើស ប្រដាប់ដោយវិទ្យុទាក់ទងគ្រប់ដៃ ម៉ាស៊ីនអារឈើ និងអាវុធកែច្នៃ ដែលជាហេតុធ្វើឱ្យសហគមន៍ព្រៃឡង់បារម្ភពីសុវត្ថិភាព នៅគ្រាចុះល្បាតព្រៃម្តងៗ។ លោកបន្ថែមថា ព្រៃដែលក្រុមជនល្មើសកំពុងសម្រុកកាប់ធ្វើអាជីវកម្ម ជាតំបន់សំបូរព្រៃស្រោងច្រើនជាងគេ ដែលសហគមន៍ព្រៃឡង់ទាំង ៤ខែត្រ តែងតែរួមគ្នាធ្វើបុណ្យព្រៃឡង់ស្ទើរជាងរៀងរាល់ឆ្នាំ៖ «កាប់វាយល្ហល្ហេវ កាប់ដង្ហែគ្នាតែម្ដងឈើហ្នឹង កាប់ហើយគេអត់ដឹងមូលទេ គេអារច្រៀកគ្នៀបជាក្តារ ជាគ្រៀប ជាក្តារដឹកចេញបណ្ដោយ។ បទល្មើសមានវិទ្យុទាក់ទងគ្រប់ដៃ ពិបាកធ្វើការណាស់កន្លែងហ្នឹង មួយថ្ងៃមិនក្រោមពី ៣០គ្រឿងទេ។ ឈើក្នុងព្រៃឡង់ ចាប់ពីមុខ ៥០ មុខ៦០ឡើង ក្នុងមួយដើម យ៉ាងតិចណាស់ក៏ ៣ម៉ែត្រគូបដែរ មួយដើម»។
សហគមន៍ព្រៃឡង់រូបនេះបន្ថែមថា ក្រុមជនល្មើសបានដឹកជញ្ជូនឈើចូលបរិវេណក្រុមហ៊ុន សម្បទានសេដ្ឋកិច្ច ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ដែលមានមូលដ្ឋានក្នុងឃុំ រៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ លោកថា ក្រោយពីមានវត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ជាប់ព្រៃឡង់ជាថ្មីទៀតនេះ ដើមឈើធំៗ ក្នុងព្រៃឡង់ទទួលរងការកាប់បំផ្លាញឥតស្រាកស្រាន្ត។ រីឯឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងការពារព្រៃ នៅតំបន់នោះមិនបានបំពេញតួនាទី អនុវត្តច្បាប់ព្រៃឈើឱ្យពេញលេញនោះទេ ហើយអំពើពុករលួយរឿងបទល្មើសព្រៃឈើនៅតែជាបញ្ហាដដែលៗគ្មានយន្តការលុបបំបាត់៖ «វាទៅអែបអបនិងក្រុមហ៊ុន ធីង៉ាហ្នឹងឯង ដើម្បីយកផ្លូវដឹកជញ្ជូនជាមួយគ្នា។ ព្រៃហ្នឹងបើសិនជាយើងមិនទប់ស្កាត់ អាជ្ញាធរមិនអនុវត្តច្បាប់មិនអាចនៅបានទេ ព្រៃច្បោះហ្នឹងដឹងតែអស់ហើយ។ អាវុធកែច្នៃបាញ់ពេញព្រៃ យប់និងថ្ងៃបាញ់ពេញតែព្រៃហ្នឹងហើយ កាំភ្លើង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មិនអធិប្បាយលើរបាយការណ៍របស់ សហគមន៍ព្រៃឡង់នេះទេ ដោយលោកចាត់ទុកថា ជាបណ្ដាញក្រៅច្បាប់មិនមានឈ្មោះទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ លោកចោទថា សកម្មភាពបណ្ដាញព្រៃឡង់បង្កប់ដោយរបៀបវារៈនយោបាយ ដោយប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីស្វែងរកជំនួយគាំទ្រហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា លោក នេត្រ ភត្ត្រា មិនបានបង្ហាញភស្តុតាងនៃការចោទប្រការនេះទេ។ លោកបន្តថា ក្រសួងបរិស្ថាន បំពេញការងារការពារ និងអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទក្នុងតំបន់ព្រៃឡង់។
កាលពីថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២០ សហគមន៍ព្រៃឡង់ខេត្តព្រះវិហារជិត ១០នាក់ បានចុះល្បាតព្រៃឡង់ ប្រទះឃើញជនល្មើសមួយក្រុមកំពុងអាររំលំឈើ ក្នុងព្រៃឡង់ចំណុចវាលពពេល ហើយបានរឹបអូសម៉ាស៊ីនអារឈើ ៥គ្រឿង និងសម្ភារៈមួយចំនួនទៀត ពីក្រុមជនល្មើសទាំងនោះ។ រីឯជនល្មើសបានរត់គេចខ្លួនបាត់។ សហគមន៍ប្រទះឃើញ ឈើមូលធំៗ រាប់សិបដើម ត្រូវបានគេអាររំលំយកឈើទៅបាត់ នៅសល់តែគល់។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ថ្លែងថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ គឺជាសាខារបស់ក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Playwood) ធ្លាប់មានរឿងអាស្រូវកាប់ឈើ ក្នុងតំបន់ព្រៃឡង់ ធ្វើអាជីវកម្មខ្នាតធំ។ លោកទាមទារ ឱ្យម្ចាស់ជំនួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ពិនិត្យមើលពីប្រសិទ្ធភាពការងាររបស់ក្រសួងបរិស្ថានឡើងវិញ ព្រោះស្ថាប័នសាមីមួយនេះគ្មានវិធានការម៉ឺងម៉ាត់ ការពារព្រៃឡង់ឱ្យគង់វង្សទេ ផ្ទុយទៅវិញក្រុមជនល្មើសនៅតែបន្ត កាប់បំផ្លាញព្រៃឈើយ៉ាងសកម្ម៖ «តើនរណាខ្លះដែលទទួលខុសត្រូវ ចំពោះការអភិវឌ្ឍ និងការពារតំបន់ព្រៃឡង់។ ទី១ ម្ចាស់ជំនួយគាត់ឱ្យលុយច្រើនណាស់ ឱ្យទៅលើអង្គការដែលគាត់ធ្វើការ ខាងការការពារតំបន់ព្រៃឡង់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែចុងក្រោយបែរជាមានរូប មានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ទៅវិញ។ អ៊ីចឹងហើយ ម្ចាស់ជំនួយត្រូវតែចេញមុខទទួលខុសត្រូវ និងត្រូវតែចេញមុខអន្តរាគមន៍ទៅលើករណីហ្នឹងទាំងអស់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក(Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ សង្កេតឃើញថា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ នៅតែធ្វេសប្រហែស មិនអនុវត្តច្បាប់ព្រៃឈើ ឱ្យគ្រប់ជ្រុងជ្រោយអនុលោមតាមច្បាប់នោះទេ។ លោកថា អំពើពុករលួយរឿងបទល្មើសព្រៃឈើ នៅតែជាប្រធានបទដដែល មិនទាន់មានយន្តលុបបំបាត់នៅឡើយទេ បណ្ដាលឱ្យព្រៃការពារធម្មជាតិគ្រប់តំបន់ទទួលរងការកាប់បំផ្លាញឥតឈប់ឈរ។
សហគមន៍ព្រៃឡង់រកឃើញថា ក្រុមជនជាតិដើមភាគតិចជាង ២៥ម៉ឺននាក់ (២៥០.០០០នាក់) ដែលរស់នៅក្នុងភូមិចំនួន ៣៤០ភូមិ ជាប់តំបន់ព្រៃឡង់ទាំង ៤ខេត្ត នឹងប្រឈមផលប៉ះពាល់ជីវភាពដោយផ្ទាល់ និងប្រយោល ជាពិសេស មុខរបរចិញ្ចឹមជីវិតរបស់ពួកគេ ដែលអាស្រ័យផល និងរកអនុផលព្រៃឈើ ប្រសិនបើព្រៃឡង់វិនាសហិនហោចនៅថ្ងៃខាងមុខ៕
ប្រភព៖ វិទ្យុអាស៊ីសេរី