សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានថា ក្រសួងមានចេតនាបើកដៃឱ្យក្រុមហ៊ុនកាប់ឈើ
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាននៅមិនទាន់ស្ងប់អារម្មណ៍ចំពោះបញ្ហាព្រៃឈើនៅឡើយ ស្របពេលដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនអនុវត្តច្បាប់លើក្រុមហ៊ុនស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)។ ពួកគេសង្ស័យថា គណៈកម្មការជាតិ និងក្រសួងពាក់ព័ន្ធ មានចេតនាបើកដៃឱ្យក្រុមហ៊ុននេះ កាប់បំផ្លាញព្រៃឈើក្នុងព្រៃអភិរក្ស និងដើមឈើផលិតជ័រទឹករបស់អ្នកស្រុកបន្តទៀតនៅរដូវប្រាំងខាងមុខនេះ។
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន បានហៅការអនុវត្តច្បាប់របស់គណៈកម្មការជាតិ និងក្រសួងពាក់ព័ន្ធ លើក្រុមហ៊ុនស៊ីងបាយអូថេក កន្លងទៅ គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អមើល តែធាតុពិតអាជ្ញាធរហាក់មានចេតនាលាក់បាំងកំហុសឆ្គងក្រុមហ៊ុនទាំងនេះ។ ពួកគេសង្កត់ធ្ងន់ថា អាជ្ញាធរពាក់ព័ន្ធ មានចេតនាសម្រួលឱ្យក្រុមហ៊ុនកាប់ឈើក្នុងព្រៃឡង់ និងដើមច្បោះជ័ររបស់អ្នកស្រុក ធ្វើអាជីវកម្ម និងយកទៅលក់នៅក្រៅប្រទេស។
កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះដល់ទីតាំង ក្រុមហ៊ុន ស៊ីងបាយអូថេក ដែលមានមូលដ្ឋានឋិតនៅស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក៏ប៉ុន្តែគណៈកម្មការជំនាញមួយនេះ រកមិនឃើញកំហុសក្រុមហ៊ុននេះទេ។
សមាជិកសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យដឹងនៅថ្ងៃទី១៣ តុលាថា សកម្មភាពកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុននេះ នឹងអាចកម្រើកឡើងវិញនៅ រដូវប្រាំងខាងមុខនេះ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអនុវត្ត។ លោកថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចតូចតាច រួមទាំងសហគមន៍ផង មិនអាចរារាំង សកម្មភាពកាប់ឈើរបស់ក្រុមហ៊ុនទាំងនេះបានទេ។ លោកអំពាវនាវ ឱ្យអាជ្ញាធរបង្កើតគណៈកម្មការឯករាជមួយ ស៊ើបអង្កេតក្រុមហ៊ុនស៊ីងបាយអូថេក ឱ្យត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីសង្គ្រោះព្រៃឡង់ដែលនៅសល់ចុងក្រោយ៖ «ប្រសិនបើគាត់ មានឆន្ទៈ ក្នុងការបង្ក្រាបគាត់បង្ក្រាបបានហើយ ព្រោះក្រុមហ៊ុននេះលួចកាប់បំផ្លាញ ដើមជ័រច្បោះរបស់ពលរដ្ឋ និងកាប់បំផ្លាញព្រៃឈើរបស់យើងទាំងអស់គ្នា ជាធនធានរបស់ប្រទេសជាតិហើយ បែរជាគណៈកម្មការ និងក្រសួងក៏ដូចជា នៅតែព្រងើយកន្តើយ នៅតែកាងការពារទៅលើក្រុមហ៊ុនទាំងអស់ហ្នឹងវិញថា ក្រុមហ៊ុនហ្នឹងនៅតែពុំមានកំហុស តែពលរដ្ឋដាក់ពាក្យប្តឹងមិនតិចដងហើយទេ ថា ក្រុមហ៊ុនហ្នឹងល្មើសច្បាប់»។
អាស៊ីសេរីបានព្យាយាមទាក់ទង មន្ត្រីក្រសួងបរិស្ថាន និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺជុំវិញការលើកឡើងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកលើកនៅថ្ងៃទី១៣ ខែតុលា។
ចំណែក អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ក៏មិនលើកទូរស័ព្ទដែរនៅថ្ងៃនេះ។
តែយ៉ាងណា លោក អេង ហ៊ី ធ្លាប់អះអាងថា មតិរិះគន់ទាំងនេះ គ្រាន់តែជាសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ ចំពោះភារកិច្ចដោះស្រាយរឿងនេះ ជាតួនាទីរបស់មន្ត្រីជំនាញ។ លោកបដិសេធបង្ហាញលទ្ធផល ការចុះស៊ើបអង្កេតក្រុមហ៊ុនស៊ីង បាយអូថេក នោះទេ ព្រោះសំណុំរឿងនេះឋិតក្នុងដៃអយ្យការ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា កន្លងទៅក្រុមកម្មករក្រុមហ៊ុនស៊ីងបាយអូថេក បានលួចកាប់ឈើក្នុងតំបន់ព្រៃឡង់ ក៏ប៉ុន្តែក្រសួងបរិស្ថានគ្មានវិធានការលើក្រុមហ៊ុននេះ ហើយថែមទាំងបង្វែរការទទួលខុសត្រូវរឿងនេះ លើក្រសួងកសិកម្មទៅវិញ។ លោកថា ក្រុមកម្មកររបស់ក្រុមហ៊ុន បានលួចកាប់ឈើធំៗក្នុងព្រៃឡង់ និងដឹកឈើឆ្លងកាត់ស្នាក់ការរបស់ក្រសួងបរិស្ថាន ក៏ប៉ុន្តែមន្ត្រីជំនាញដែលឈរជើងនៅតំបន់នោះ មិនបានអនុវត្តច្បាប់ទេ។ លោកបន្ថែមថា គណៈកម្មការជំនាញ និងក្រសួងពាក់ព័ន្ធ គ្មានឆន្ទៈរកយុត្តិធម៌តាមច្បាប់ជូនសហគមន៍នោះទេ បែរជាជួយកាងការពារក្រុមហ៊ុនស៊ីងបាយអូថេក ឱ្យមានលទ្ធភាពកាប់ឈើខុសច្បាប់ទៅវិញ៖ «ប្រសិនបើគាត់ មានឆន្ទៈ ក្នុងការបង្ក្រាបគាត់បង្ក្រាបបានហើយ ព្រោះក្រុមហ៊ុននេះលួចកាប់បំផ្លាញ ដើមជ័រច្បោះរបស់ពលរដ្ឋ និងកាប់បំផ្លាញព្រៃឈើរបស់យើងទាំងអស់គ្នា ជាធនធានរបស់ប្រទេសជាតិហើយ បែរជាគណៈកម្មការ និងក្រសួងក៏ដូចជា នៅតែព្រងើយកន្តើយ នៅតែកាងការពារទៅលើ ក្រុមហ៊ុនទាំងអស់ហ្នឹងវិញថា ក្រុមហ៊ុនហ្នឹងនៅតែពុំមានកំហុស តែពលរដ្ឋដាក់ពាក្យប្តឹងមិនតិចដងហើយទេ ថា ក្រុមហ៊ុនហ្នឹងល្មើសច្បាប់»។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យ ក្រុមហ៊ុន ស៊ី បាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ស៊ីបាយអូថេក បានធ្វើការផ្ទេរសិទ្ធបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Plywood) កាលពីចុងឆ្នាំ២០១៨។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ក្រុមហ៊ុនទាំងនេះ ដើម្បីសុំការបំភ្លឺរឿងនេះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃដដែលនេះ។ សហគមន៍ព្រៃឡង់ រាយការណ៍ថា ក្រុមហ៊ុនទាំងនេះ មានមហិច្ឆតាធ្វើអាជីវកម្មឈើខ្នាតធំ និងនាំចេញទៅលក់នៅប្រទេសចិនតាមផ្លូវទឹក ខណៈកន្លងទៅ សកម្មជនបរិស្ថានបានទៅដល់ការដ្ឋានក្រុមហ៊ុននេះ ប្រទះឃើញ ឈើមូលធំៗរាប់រយម៉ែត្រគូប ត្រៀមដឹកចេញក្រៅ ដែលភាគច្រើនជាប្រភេទឈើទាល និងត្រាច ដែលអ្នកស្រុកដុតយកជ័រទឹកលក់។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ប្រសិនបើមន្ត្រីនគរបាលយុត្តិធម៌ មិនអនុវត្តច្បាប់លើក្រុមហ៊ុនដែលកាប់ព្រៃឈើខុសច្បាប់នោះទេ មានន័យថា មន្ត្រីពាក់ព័ន្ធទាំងនោះ បានរួមចំណែកបំផ្លាញព្រៃឈើ និងសមគំនិតប្រព្រឹត្តបទល្មើស។ លោកថា ការឃុបឃិតគ្នាសមគំនិតជាមួយក្រុមហ៊ុនធ្វើសកម្មភាពកាប់ឈើ ជាបទល្មើសឧក្រិដ្ឋព្រៃឈើ៖ «ច្បាប់ព្រៃឈើមាត្រា ១០១ ចែងច្បាស់ពីទោសមន្ត្រីជំនាញព្រៃឈើ មានច្រើនចំណុច។ ក្នុងនោះមានទាំងធ្វើរបាយការណ៍មិនពិត ការបង្ក្រាបមិនទាន់ពេលវេលា បទល្មើសឧក្រិដ្ឋ ត្រូវមានទោស ៥ ឆ្នាំទៅ ១០ ឆ្នាំ។ ចំពោះមន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរដែនដី ដែលសមគំនិតគ្នា ជាមួយក្រុមហ៊ុន ក៏ត្រូវមានទោសដែរ ជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំដែរ តាមច្បាប់ព្រៃឈើមាត្រា ១០០»។
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានបានផ្តាំទៅក្រុមហ៊ុន ស៊ីងបាយអូថេកថា ប្រសិនជាអះអាងថាខ្លួន រកស៊ីសុចរិតពិតប្រាកដ សូមបើកចិត្តទូលាយឱ្យ ក្រុមនិស្សិត អ្នកកាសែត មន្ត្រីសហគមន៍ស៊ីវិល រួមទាំងសហគមន៍ មានសិទ្ធិចេញចូលតំបន់នោះដោយសេរី និងគ្មានការរារាំង ខណៈកន្លងទៅក្រុមហ៊ុននេះ បានពង្រាយសន្តិសុខយាមល្បាតយ៉ាងប្រុងប្រយ័ត្ន មិនឱ្យមនុស្សប្លែកមុខចេញចូលតំបន់នោះ៕
ប្រភព៖ វិទ្យុអាស៊ីសេរី