សហគមន៍ព្រៃឡង់លើកសសើរសកម្មភាពស្តារព្រៃឈើឡើងវិញរបស់រដ្ឋាភិបាល
បណ្ដាញសហគមន៍ព្រៃឡង់នៅថ្ងៃទី១២ខែសីហានេះ បានចេញមុខលើកសរសើរវិធានការណ៍ស្តារព្រៃឈើឡើងវិញរបស់រដ្ឋាភិបាល។ បើតាមសហគមន៍ព្រៃឡង់ចាប់តាំងពីរដ្ឋាភិបាលបញ្ចេញកម្លាំងបង្ក្រាបបទល្មើសព្រៃឈើមក សកម្មភាពកាប់និងដឹកជញ្ជូនឈើលែងកើតមាននៅក្នុងព្រៃឡង់ ដែលក្របដណ្ដប់ដោយខេត្តចំនួន៤រួមមានៈ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លារហូតមានការចាប់ខ្លួនមេជួញដូរឈើធំៗ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់។ នេះគឺជាការលើកសរសើររបស់បណ្ដាញសហគមន៍ព្រៃឡង់ចាប់តាំងពីសមាសភាពរបស់រដ្ឋាភិបាលចេញប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃឈើ។
បើតាមបណ្ដាញសហគមន៍ព្រៃឡង់ អ្នកពាក់ព័ន្ធកំពុងធ្វើសកម្មភាពឥតស្រាកស្រាន្ត ក្នុងការបិតទីតាំងស្តុកឈើ រោងម៉ាស៊ីនកែច្នៃឈើ និងរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ខណៈមានការរឹបអូសឈើជាច្រើនម៉ែត្រគូប និងមធ្យោបាយកាប់និងដឹកជញ្ជូនឈើជាច្រើនរយគ្រឿង។ បន្ថែមលើនេះបណ្ដាញព្រៃឡង់ជំរុញឲ្យចាត់វិធានការបិទរោងម៉ាស៊ីនអារ កែច្នៃឈើ និងផលិតក្ដារបន្ទះរបស់ក្រុមហ៊ុន ស៊ីងបាយអូ ថេក ខេមបូឌា ខូអិលធីឌី នៅស្រុកសំបូរ ខេត្តក្រចេះ។ តាមរយៈសកម្មភាពទាំងនេះបណ្ដាញព្រៃឡង់ជឿជាក់ថា សកម្មភាពនេះនឹងនៅតែបន្តអនុវត្តជារៀងរហូតដោយបញ្ចប់រាល់បទល្មើសគ្រប់រូបភាព។
បន្ថែមលើសេចក្ដីថ្លែងការណ៍ លោក ឯក សុវណ្ណា សមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់អះអាងថា រាប់ចាប់តាំងពីប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ អ្វីគួរឲ្យកត់សម្គាល់សកម្មភាពដឹកនិងអារលំដើមឈើមានភាពស្ងប់ស្ងាត់នៅក្នុងព្រៃឡង់ទាំងមូល ហើយភាពស្ងប់ស្ងាត់នេះជាអ្វីដែលសហគមន៍ព្រៃឡង់ជំរុញឲ្យភាគីពាក់ព័ន្ធបន្តអនុវត្តឲ្យបានស្ថិតថេរដើម្បីស្ដារព្រៃឈើឡើងវិញ ខណៈព្រៃឈើកំពុងរងគ្រោះយ៉ាងដំណំ។ នេះបើតាមសមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់។
ជាមួយនឹងការលើកសរសើរនេះ ដើម្បីរក្សាព្រៃឈើខ្មែរទៅអនាគត អ្នកឃ្លាំមើលព្រៃឈើ និងសង្គមស៊ីវិលនានា បានទទូចផងដែរ ឲ្យរដ្ឋាភិបាលមានវិធានការណ៍ក្តៅបែបនេះ ជានិរន្ត ចៀសវាងប្រតិបត្តិការដូចភ្លើងចំបើង។
គួរជម្រាបជូនថា អំឡុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រថយន្តជាច្រើនគ្រឿងត្រូវបានដុតកម្ទេចចោល ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូសទុក ខណៈឈ្មួញក្រាក់ៗនៅពីក្រោយការកាប់ឈើមួយចំនួនក៏ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដូចជាៈ លោក សឹង សំអុល លោក គង់ គ្រឹង ជាដើម។ បន្ថែមលើនេះ មនុស្ស២០នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ត្រូវបានព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ចេញដីកាកោះហៅឲ្យចូលបំភ្លឺ នៅកំឡុងខែសីហានេះដែរ នៅសាលាដំបូងខេត្ត៕
ប្រភព៖ RFI Khmer