សកម្មជនព្រៃឈើថា ដើមចមមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានដោយសារអំពើពុករលួយជាប្រព័ន្ធ
សកម្មជនការពារព្រៃឈើអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តកើនឡើង គឺដោយសារមានអំពើពុករលួយជាប្រព័ន្ធរវាងជនល្មើសព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ។
កាលដើមសប្តាហ៍នេះ បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើនឡើងយ៉ាងអនាធិបតេយ្យ ដោយថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សមិនបង្រ្កាបទប់ស្កាត់នោះទេ។
អ្នកសម្របសម្រួលចុះល្បាតព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ម៉ិញ នី ឲ្យដឹងថា តាមការចុះល្បាតព្រៃ និងស្រាវជ្រាវគឺរកឃើញថា ដើមចមដែលមិនអាចទប់ស្កាត់បទលើ្មសព្រៃឈើមានប្រសិទ្ធភាពនោះ ដោយសារតែជាប់ពាក់ព័ន្ធអំពើពុករលួយ។
លោក បន្ថែមថា៖ «បញ្ហាចំបង គឺកត្តាពុករលួយ សូកលុយក្រោមតុហ្នឹង គឺយើងស្រាវជ្រាវរកឃើញច្រើនណាស់។ ហេតុអីបានខ្ញុំហ៊ានអះអាងថា វាមានអំពើពុករលួយ ព្រោះពេលយើងចុះល្បាតឃើញជនល្មើសដឹកឈើនៅនឹងមុខអាជ្ញាធរតែមិនបង្ក្រាប ហើយពេលយើងចាប់បានបទល្មើស គឺមានការផ្តល់លុយ ដើម្បីលោះយកឧបករណ៍មកវិញអីចឹង។ កត្តានេះហើយដែលធ្វើឲ្យការកាប់ឈើមិនស្ងាត់»។
សមាជិកបណ្ដាញនិស្សិតឯករាជ្យ ដែលធ្វើការការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់ លោក ហេង ស្រស់ អះអាងថា ក្រុមរបស់លោកកំពុងចុះល្បាត និងឃ្លាំមើលការកាប់ឈើខុសច្បាប់នៅភ្នំក្រវ៉ាញខេត្តពោធិសាត់ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តផ្សេងៗទៀត ដោយរកឃើញថា នៅតំបន់ទាំងនោះការកាប់ឈើខុសច្បាប់បានកើនឡើងដោយពុំមានអាជ្ញាធរណាការបង្រ្កាបឡើយ។
លោក ហេង ស្រស់ បន្តថា បញ្ហានេះកើតឡើងដោយសារមានអំពើពុករលួយជាប្រព័ន្ធ ដោយថា អាជ្ញាធរស្រុក និងខេត្តមួយចំនួនដែលឈរជើងការពារនៅតាមតំបន់នីមួយៗ បានទទួលសំណូកពីជនល្មើសជាថ្នូរចូលទៅកាប់ឈើ និងដឹកឈើខុសច្បាប់ឆ្លងកាត់កន្លែងការពារនោះ ដើម្បីយកទៅលក់កន្លែងដេប៉ូ និងឆ្លងដែនទៅក្រៅប្រទេស។
លោក បន្ថែមថា៖ «អំពើពុករលួយពាក់ព័ន្ធបទល្មើសព្រៃឈើនេះ មានលក្ខណៈជាប្រព័ន្ធទៅហើយ។ បើសិនរដ្ឋាភិបាលចង់ទប់ស្កាត់ និងការពារព្រៃឈើ លុះត្រាតែពង្រឹងការអនុវត្តកុំឲ្យមានអំពើពុករលួយនៅតំបន់ការពារ និងកុងត្រូលមួយចំនួន។ ជាក់ស្តែង នៅស្រុកកោះញែកខេត្តមណ្ឌលគិរី គឺក្នុង១គោយន្ត សមត្ថកិច្ចយក៥ម៉ឺន ១ឡាន យក១០០ដុល្លារ ដើម្បីការពារ និងមើលផ្លូវកុំមានអ្នកណាមករារាំងការដឹកឈើចេញពីតំបន់ហ្នឹង។ អីចឹង រដ្ឋាភិបាលត្រូវឲ្យមន្រ្តីគាត់អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង»។
អ្នកសម្របសម្រួលចុះល្បាតព្រៃឡង់ក្នុងខេត្តព្រះវិហារ លោក ស្រី ថី អះអាងថា តាមរយៈការសាកសួរអ្នកចូលកាប់ឈើ និងកម្មករស៊ីឈ្នួលកាប់ឈើឲ្យឈ្មួញ គឺអ្នកទាំងនោះប្រាប់ថា ដើម្បីចូលកាប់ឈើក្នុងតំបន់ការពារ ពួកគេត្រូវបង់លុយឲ្យមន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ចន្លោះពី៥ម៉ឺនរៀល ទៅជាង៤០ម៉ឺនរៀល ក្នុងមួយរទេះក្របី ឬមួយគោយន្ត ឬឡាន។
លោក បន្ថែមថា៖ «បើតាមពួកខ្ញុំដើរចាប់បទល្មើសកន្លងមក ពេលយើងសួរទៅថា ពួកគេបានបង់លុយឲ្យមន្រ្តីបរិស្ថានប្រចាំខែមួយគោយន្ត១០ម៉ឺនរៀន បើឡានជាង៤០ម៉ឺនរៀនឯណោះ។ បើសិនជាធ្វើតែរបៀបនេះ ព្រៃឈើមិនអាចសល់គង់វង្សទេ។ បើឡានដឹកមួយៗ ៤ទៅ៥ឡានឯណោះ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់ច្រានចោលសេចក្តីថ្លែងការណ៍របស់បណ្តាញព្រៃឡង់ និងការលើកឡើងរបស់សកម្មជនព្រៃឈើដែលថា មន្រ្តីបរិស្ថានបានឃុបឃិតជាមួយឈ្មួញក្នុងការកាប់បំផ្លាញព្រៃឈើនេះ ហើយលោកស្នើទៅសកម្មជនព្រៃឈើបញ្ជូនឯកសារជាភ័ស្ដុតាងទៅកាន់ក្រសួង ជាជាងការចោទប្រកាន់ដោយគ្មានភ័ស្ដុតាង ដែលធ្វើខូចឈ្មោះមន្ត្រីបែបនេះ។
លោក មានប្រសាន៍ថា៖ «ជាមន្ត្រីឧទ្យានុរក្ស ឬមួយក៏នរណាដែលជាប់ពាក់ព័ន្ធ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង គឺសូមដាក់ជាឯកសារ ឬក៏បញ្ជូនព័ត៌មានសម្ងាត់ណាមួយមកឱ្យក្រុមការងាររបស់ក្រសួងយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានមូលដ្ឋាននៅក្នុងការស៊ើបអង្កេត»។
ក្រុមសកម្មជនព្រៃឈើស្នើទៅមន្រ្តីរដ្ឋាភិបាលដែលពាក់ព័ន្ធចុះស៊ើបអង្កេតជាមួយពួកគាត់ដោយផ្ទាល់ និងសម្ងាត់ ដើម្បីរកភ័ស្ដុតាងបញ្ជាក់ការពិត។
កាលពីដើមឆ្នាំ២០១៩នេះ ប្រមុខដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធ រួមទាំងណែនាំឲ្យកងទ័ពទាំងអស់ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស ប៉ុន្តែ សកម្មជនព្រៃឈើមើលឃើញថា វិធានការនេះគ្មានប្រសិទ្ធភាពនោះទេ ដោយព្រៃឈើរងការកាប់បំផ្លាញកាន់តែខ្លាំង។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិ ហៅកាត់ថា អ៊ី.អាយ.អេ (EIA) កាលពីខែឧសភា ឆ្នាំ២០១៧ បានរកឃើញថា ការនាំឈើចេញទៅវៀតណាមនៅតែកើតមានដដែល ដោយថា ចាប់ពីខែមករា ឆ្នាំ២០១៦ ដល់ត្រឹមខែមីនា ឆ្នាំ២០១៧ មន្ត្រីគយវៀតណាមបានកត់ត្រាឯកសារពន្ធគយលើការនាំឈើ និងគ្រឿងធ្វើអំពីឈើចេញពីប្រទេសកម្ពុជាទៅកាន់វៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក។
ទីភ្នាក់ងារស៊ើបអង្កេតមួយនេះ ឲ្យដឹងថា នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមិនា ឆ្នាំ២០១៧ ទំហំឈើ ៣០ម៉ឺនម៉ែត្រគូបដែលនាំចេញពីកម្ពុជា បានប្រែក្លាយជាឈើស្របច្បាប់នាំទៅកាន់ប្រទេសវៀតណាម។
ទីភ្នាក់ងារដដែលនេះ រកឃើញទៀតថា មន្ត្រីអាជ្ញាធរកម្ពុជា និងវៀតណាម បានទទួលលុយសំណូករាប់លានដុល្លារពីឈ្មួញឈើ ដើម្បីជាថ្នូរនឹងការបើកដៃឲ្យជនល្មើសកាប់ឈើ និងជួញដូរឈើខុសច្បាប់ចេញពីកម្ពុជាទៅវៀតណាម៕
ប្រភព៖ VOD Khmer