សហគមន៍ព្រៃឡង់ ចោទថាមន្រ្តីខកខានក្នុងការបំពេញតួនាទីដើម្បីទប់ស្កាត់បទល្មើស

រូបភាពកំណាត់ឈើ ពេលដែលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)
បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ ចោទមន្រ្តីឧទ្យានុរក្សថាបានព្រងើយកន្តើយក្នុងការទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់នេះ។
សេចក្ដីថ្លែងការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឱ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ ហើយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សឡើយ។
សេចក្ដីថ្លែងការណ៍នោះ បានសរសេរថា៖ «យើងខ្ញុំទាំងអស់គ្នាបានសង្កេតឃើញសកម្មភាពល្មើសច្បាប់អាណាធិបតេយ្យនៅជុំវិញព្រៃឡង់មានដូចជា ការអនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ កាត់មុខស្នាក់ការយាមល្បាតរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។»
សហគមន៍ព្រៃឡង់ បន្តថា ក្រៅពីមិនបានទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ពួកគេថា អាជ្ញាធរក៏បានជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ និងអ្នកមានអំណាច ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃផងដែរ។
ពួកគេស្នើទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធចុះទប់ស្កាត់ដោយដកហូតម៉ាស៊ីនរណា និងសម្ភារៈផ្សេងដែលអាចកាប់បំផ្លាញព្រៃ ហើយចាត់វិធានទៅលើមន្ត្រីថ្នាក់ក្រោមដែលបានអនុញ្ញាត ឱ្យមានកាប់និងដឹកជញ្ជូនឈើក្នុងតំបន់ការពារ។
បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារលោក ស្រី ថី បន្ថែមថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមិនធ្វើការទប់ស្កាត់ និងចាត់វិធានទៅលើមន្ត្រីថ្នាក់ក្រោមនោះទេ លោកថា ព្រៃឈើនៅក្នុងតំបន់ការពារមួយនេះ នឹងវិនាសអស់ក្នុងពេលឆាប់ៗ។
លោកថា៖ «សូម្បីសម្ដេចប្រកាសយ៉ាងណាក៏ដោយ បើស្ថាប័នខាងក្រោមគាត់ អត់អនុវត្តច្បាប់ផង យើងគិតយ៉ាងម៉េច។ បើខ្លាំង [ឈប់កាប់]ពេលសម្ដេចស្រែកបន្តិច! ឈប់ស្រែក ឈប់ខ្លាំង [គេកាប់ដដែល] មានតែស្ថាប័នលើសង្កាត់ថ្នាក់ក្រោមទេគ្រាន់បើបន្តិច ។ បើមិនអ៊ីចឹងទេ ចប់ហើយ ឬមួយក៏រដ្ឋាភិបាលវិធានការដាក់ទោសទណ្ឌដែលប្រព្រឹត្តបទល្មើសឃុបឃិតគ្នានោះ ខ្ញុំជឿខ្លះ បើថា មិនដកបុណ្យដកស័ក្តិចេញទេនៅតែប៉ុណ្ណឹងឯង»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រ្តា ស្នើទៅសហគមន៍ឱ្យដាក់ឯកសាររួមទាំងអស់ឈ្មោះមន្ត្រីដែលបានឃុបឃិតជាមួយឈ្នួញកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ដាក់មកក្រសួង។
លោក មានប្រសាសន៍ថា៖ «តើមន្ត្រីណាមួយដែលមានការពាក់ព័ន្ធ ហើយស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ជាមន្ត្រីឧទ្យានុរក្ស ឬមួយក៏នរណាដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងគឺសូមដាក់ជាឯកសារ ឬក៏បញ្ជូនព័ត៌មានសម្ងាត់ណាមួយមកឱ្យក្រុមការងាររបស់ក្រសួងយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានមូលដ្ឋាននៅក្នុងការស៊ើបអង្កេត។ បើសិនជាមិនមានព័ត៌មានច្បាស់លាស់ទេ ហើយមានតែការលើកឡើងដោយផ្ទាល់មាត់ ជាមួយសេចក្ដីថ្លែងការណ៍ដែលមិនបានបញ្ជាក់ពីឯកសារ និងភស្តុតាងឱ្យបានច្បាស់លាស់យើងខ្ញុំហាក់មានការលំបាកក្នុងការធ្វើការស៊ើបអង្កេត»។
របាយការណ៍របស់សហគមន៍ព្រៃឡង់ បង្ហាញថា ការចុះល្បាតព្រៃឡង់ក្នុងឆ្នាំ២០១៨ ពួកគេបានដកហូត ម៉ាស៊ីននរណាយន្តចំនួន ៩៨គ្រឿង ខណៈឆ្នាំ២០១៧ ដកហូតបាន ៥៦គ្រឿង។ ចំណែក ឈើអារជ្រៀករួចចំនួន ៥៩.៤៥ម៉ែត្រគូប ឈើកាត់រំលំរួច ៧៤ដើម និងគល់ឈើ ទើបកាត់ថ្មីមានចំនួន ៧១៩គល់។
រដ្ឋាភិបាល បានចេញអនុក្រឹត្យកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បង្កើតតំបន់ព្រៃឡង់ ជាតំបន់ដែនជម្រកសត្វព្រៃ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតា (៤៣១,៦៨៣) គ្របដណ្ដប់លើខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ តាមអនុក្រឹត្យដដែល តំបន់នេះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងបរិស្ថាន ដោយមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕
ប្រភព៖ VOD Khmer