ក្រុមសកម្មជនព្រៃឡង់ គ្រោងចុះល្បាតនៅចុងខែនេះ
ស្ទឹងត្រែង/ព្រះវិហារៈ ក្រុមសកម្មជនបណ្ដាញព្រៃឡង់គ្រោងចុះល្បាតព្រៃរួមគ្នានៅចុងខែឧសភានេះ ដើម្បីស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ ខណៈកាលពីខែមេសាកន្លងទៅ បទល្មើសព្រៃឈើប្រមាណ ៥៥ ករណី ត្រូវបានរកឃើញនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។
លោក ខេង ខូ តំណាងសហគមន៍បណ្ដាញព្រៃឡង់ខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា កន្លងមកការចុះល្បាតបានធ្វើឡើងទៅតាមកាលវិភាគរបស់ខេត្តនីមួយៗ ប៉ុន្តែសម្រាប់យុទ្ធនាការប្រចាំខែដែលភាគច្រើនត្រូវធ្វើឡើងរយៈពេលពី ៣ ថ្ងៃទៅ ៥ ថ្ងៃរៀងរាល់ដើមសប្ដាហ៍ទី ៤ នៃខែនីមួយៗ គឺសហគមន៍បណ្ដាញព្រៃឡង់ទាំង ៤ ខេត្ត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ត្រូវធ្វើសកម្មភាពរួមគ្នាក្នុងពេលតែមួយដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និង តំបន់ព្រៃការពារផ្សេងទៀតដែលនៅជាប់ព្រៃឡង់។
លោក ខូ បានថ្លែងថា កាលពីខែមេសាកន្លងទៅនេះ សហគមន៍បណ្ដាញព្រៃឡង់បានរួមគ្នាចុះល្បាតព្រៃដោយរកឃើញបទល្មើសចំនួន ៥៥ ករណី ក្នុងនោះ បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើចំនួន ១១ ករណី,កាប់ឆ្ការដីព្រៃក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិឯកជនចំនួន ៨ ករណី, កាប់ផ្ដួលរំលំដើមឈើប្រភេទកកោះ និងជ័រច្បោះចំនួន ១៦ ករណី និងបទល្មើសអារច្រៀកឈើជាក្ដារបន្ទះ ២០ ករណី។
លោកបានបន្តថា៖ «ក្នុងយុទ្ធនាការចុះល្បាតព្រៃកាលពីខែមេសា ក្រុមសកម្មជនបណ្ដាញព្រៃឡង់ទាំង ៤ ខេត្ត បានរឹបអូសវត្ថុតាងមួយចំនួនរួមមាន គោយន្តដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ៧ គ្រឿង ឡានកាំមីញ៉ុង ១ គ្រឿង រណារយន្ត ៦ គ្រឿង ឈើមូលប្រភេទកកោះ ១៥ កំណាត់ ក្ដារងឿ ១៦ សន្លឹក និងក្ដារបន្ទះមួយចំនួនទៀត»។
លោកបានបន្តថា៖ «វត្ថុតាងទាំងនោះត្រូវបានប្រគល់ជូនមន្ត្រីឧទ្យានុរក្សនាំយកទៅរក្សាទុកដើម្បីចាត់វិធានការបន្តតាមនីតិវិធី»។
អ្នកស្រី ភោគ ហុង តំណាងសហគមន៍បណ្ដាញព្រៃឡង់ខេត្តព្រះវិហារបានថ្លែងដែរថា រណារយន្តត្រូវបានអាជ្ញាធរហាមឃាត់ មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាទូទៅនោះទេ ជាពិសេសអ្នកដែលរស់នៅក្បែរតំបន់ព្រៃការពារនិងតំបន់ដែនជម្រកសត្វព្រៃនានានៅទូទាំងប្រទេស ព្រោះវាបង្កឲ្យមានវិនាសកម្មព្រៃឈើ។
អ្នកស្រីថ្លែងថា៖ «យើងមិនដឹងថា តើក្រុមជនប្រព្រឹត្តបទល្មើសទិញរណារយន្តមកពីណាទេ តែបើក្នុងតំបន់របស់យើងគឺគ្មាននរណាម្នាក់លក់រណារយន្តបែបនេះនោះទេ។យើងចុះ ល្បាតព្រៃជួបប្រទះឃើញ និងរឹបអូសរណារយន្តបានស្ទើរតែគ្រប់ពេល យកមកប្រគល់ឲ្យសមត្ថកិច្ច ដែលគិតរហូតមកទល់ពេលនេះ មានចំនួនរាប់រយគ្រឿងមកហើយ ប៉ុន្តែវានៅតែមិនចេះអស់ទាល់តែសោះ»។
បើតាមអ្នកស្រី ហុង រណារយន្ត ១ គ្រឿង អាចបំផ្លាញព្រៃឈើអស់រាប់រយដើម ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយឲ្យមានការចរាចរលក់រណារយន្តនៅលើទីផ្សារ ដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ហើយបើខ្វះការចុះអនុវត្តច្បាប់ការពារព្រៃឈើ នោះទៅថ្ងៃអនាគតព្រៃឈើនៅកម្ពុជានឹងត្រូវវិនាសបង់មិនខាន៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏