សេចក្តីថ្លែងការណ៍អំពីរបាយការណ៏ឃ្លាំមើលពីបច្ចុប្បន្នភាពព្រៃឡង់លើកទី៧

យើងខ្ញុំ ជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តរួមមានក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង សូមចែករំលែកនូវរបាយការណ៍ឃ្លាំមើលពីបច្ចុប្បន្នភាពព្រៃឡង់ចុងក្រោយបំផុត។ របាយការណ៍នេះមានរយៈពេលគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។​ មានចំណុចសំខាន់បីដែលយើងខ្ញុំបានរកឃើញរួមមាន៖

១. សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តកើតមាន និងមានការកើនឡើងនៅប៉ុន្មានឆ្នំាចុងក្រោយនេះ

២.​ ការតម្រូវឱ្យសហគមន៍សុំច្បាប់អនុញ្ញាតមុននឹងចុះល្បាត ខណៈអ្នកកាប់ឈើខុសច្បាប់អាចចូលព្រៃកាប់ឈើដោយមិនចាំបាច់មានការអនុញ្ញាត

៣. ផ្លូវជាច្រើន​ដែលជា​កត្តា​ជំរុញ​ដ៏​ធំ​មួយដែល​ធ្វើ​ឱ្យ​បាត់​បង់​ជម្រកសត្វ និងធ្វើឱ្យបាត់បង់ព្រៃឈើ​។

ចាប់តាំងពីឆ្នាំ២០១៥ មក បណ្តាញសហគមន៍ព្រៃឡង់ បានប្រមូលទិន្នន័យពីសកម្មភាពកាប់ឈើខុសច្បាប់ និងធនធានធម្មជាតិដែលមាននៅក្នុងព្រៃឡង់ ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃវៃឆ្លាត ដែលហៅថា “ព្រៃឡង់អេប”។ ទិន្នន័យដែលប្រមូលដោយបណ្តាញសហគមន៍ព្រៃឡង់ គឺត្រូវបានវិភាគដោយអ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ ខូបផែនហាហ្គែន (Copenhagen)។ រហូតមកដល់ពេលនេះ បណ្តាញសហគមន៍ព្រៃឡង់ និងសាកលវិទ្យាល័យ បានចេញផ្សាយរបាយការណ៍ឃ្លាំមើលចំនួន៧លើក ស្តីពីស្ថានភាពរបស់ព្រៃឡង់។

លោក ហឿន សុភាព ជាសមាជិកគណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ មានការកោតសសើរចំពោះកិច្ចសហការ រវាងបណ្តាញសហគមន៍ព្រៃឡង់ និងសាកលវិទ្យាល័យ ខូបផែនហាហ្គែន។ “វាមានសារៈសំខាន់ណាស់សម្រាប់យើង ចំពោះទិន្នន័យដែលយើងប្រមូលជាមួយកម្មវិធីអេបព្រៃឡង់ត្រូវបានផ្តល់ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងរាជរដ្ឋាភិបាល។ យើងសង្ឃឹមថារបាយការណ៍នេះ និងរបាយការណ៍នាពេលអនាគតនឹងជួយរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីការពារព្រៃឡង់ឱ្យបានកាន់តែប្រសើរ”។

ក្នុងអំឡុងពេលរាយការណ៍ បណ្តាញសហគមន៍ព្រៃឡង់ បានប្រើប្រាស់កម្មវិធីអេបព្រៃឡង់ កត់ត្រា ធនធានមានចំនួន ៥៦ភាគរយ នៃទិន្នន័យសរុប និងសកម្មភាពមានចំនួន ៣៨ភាគរយ នៃទិន្នន័យសរុប ។ ទិន្នន័យភាគច្រើនស្ថិតក្រោមប្រភេទ “ធនធាន” បានរាយការណ៍ពីដើមឈើចំនួន ៨២ភាគរយ និងអនុផលព្រៃឈើ ចំនួន ១៤ភាគរយ។ មានការកត់ត្រាតិចតួច ចំពោះសត្វព្រៃ មានត្រឹម ៣ភាគរយ និងទីតាំងជំនឿ និងប្រាសាទ បុរាណ្យមានចំនួន ១ភាគរយប៉ុណ្ណោះ។ ការត្រួតពិនិត្យធនធានព្រៃឈើបានបង្ហាញពីសារៈសំខាន់នៃ ដើមជ័រច្បោះ និងអនុផលព្រៃឈើ ដល់ជីវភាពរស់នៅក្នុងមូលដ្ឋាន។ របាយការណ៍តាមដាននេះនឹងផ្តោតទៅលើការកាប់ឈើខុសច្បាប់ ដែលជាការគំរាមកំហែងចម្បងដល់ព្រៃឡង់ និងជីវភាពរស់នៅក្នុងមូលដ្ឋាន។

លោក ឯក សុវណ្ណា សមាជិកគណៈកម្មការសម្របសម្រួល បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះនិយាយថា ដើមច្បោះជ័រ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងតំបន់ខេត្តក្រចេះ។ “សមាជិកសហគមន៍ជាច្រើនចូលទៅក្នុងព្រៃរៀងរាល់សប្តាហ៍ដើម្បីដងជ័រទឹក។ ពួកគេលក់ជ័រនៅក្នុងទីផ្សារក្នុងស្រុកហើយវាជួយទ្រទ្រង់ជីវភាពគ្រួសារ។ កាលពីខែមុនដើមច្បោះជ័រទឹក ជាច្រើនត្រូវបានកាត់យកដោយអ្នកកាប់ឈើខុសច្បាប់ បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គ្រួសារទាំងនោះយ៉ាងខ្លាំង”។

សម្រាប់ “សកម្មភាព” ការកាប់ឈើខុសច្បាប់មានចំនួន៩៩ភាគរយ នៃសកម្មភាពទាំងអស់។ “ទិន្នន័យភាគច្រើនបានរាយការណ៍ថា “គល់ឈើកាត់រួចមួយៗ មានចំនួន ៤១ភាគរយ ដែលដើមឈើភាគច្រើនជាប្រភេទឈើប្រណីត (រូបភាពខ)។ “គំនរឈើ” ត្រូវបានជនល្មើសប្រមូលយកចេញ និង “ការដឹកជញ្ជូន​” មានចំនួន ២៤ភាគរយ នៃទិន្នន័យសរុប។ “តំបន់ដែលបានកាប់ឆ្ការ” មានចំនួន១១ភាគរយ នៃទិន្នន័យសរុប។ គួរឱ្យសោកស្តាយកម្មវិធីអេបនេះ មិនត្រូវបានរចនាឡើងដើម្បីកត់ត្រាទំហំផ្ទៃដីដែលបានកាប់ឆ្កា។  ផ្ទៃដីដែលត្រូវបានកាប់ឆ្កា តែមួយអាចគ្របដណ្តប់លើផ្ទៃដី ១០០ហិកតា និងរាប់បញ្ចូលទាំងខ្ទមដែលធ្វើសម្រាប់ស្នាក់នៅរាប់រយ។ ការកាប់ឈើខុសច្បាប់កំពុងកើតឡើងក្នុងអត្រាគួរឱ្យព្រួយបារម្ភនៅដែនជម្រកសត្វព្រៃ ព្រៃឡង់និងទេសភាពជុំវិញ។ រូបភាពផ្កាយរណបបានបង្ហាញថាព្រៃឈើបាត់បង់ ៥៦០០ហិកតា នៅឆ្នាំ២០១៧ ។ ទំហំនេះវាស្មើនឹងតារាងបាល់ទាត់ចំនួន ២១តារាង នៃព្រៃឈើដែលបាត់បង់ជារៀងរាល់ថ្ងៃនៅឆ្នាំ២០១៧។ រូបភាពផ្កាយរណបពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ តាមដានពីការវិវដ្តនៃការបាត់បង់ព្រៃឈើ (សូមមើលរូបភាពទី៩ នៅក្នុងរបាយការណ៍)។

លោក ស្រី ថី សមាជិកគណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ មានការព្រួយបារម្ភយ៉ាងខ្លាំងពីកំសោយក្នុងការអនុវត្តច្បាប់នៅក្នុងតំបន់ព្រៃឡង់។ “យើងឃើញស្ទើរតែរៀងរាល់ថ្ងៃដែលអ្នកកាប់ឈើខុសច្បាប់បានកាប់ដើមឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែពួកគេមិនដែលត្រូវបានដាក់ទណ្ឌកម្ម​ដោយអាជ្ញាធរ។ យើងចង់ឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងធានាថាអ្នកកាប់ឈើខុសច្បាប់នាពេលអនាគត ត្រូវបានគេដាក់ទោសទណ្ឌចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះ”។

លោក ខេង ខូ  សមាជិកក្រុមស្នូលបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងបានលើកឡើងពីកង្វល់ចំពោះ ស្ថានភាពការកាប់ឈើនៅតែបន្តកើតមាន។ “ផ្លូវខ្វាត់ខ្វែងជាច្រើនបានសម្រួលដល់ការកាប់និងដឹកជញ្ជួនឈើចេញពីព្រៃឡង់ និងមន្ត្រីបើកដៃឱ្យអ្នកកាប់ឈើ និងជាអ្នកនៅពីក្រោយខ្នងការកាប់និងដឹកឈើទាំងនោះ រួមនិងឃុបឃិតគ្នាលក់ដីព្រៃទៅឱ្យអ្នកចំនូលស្រុកផងដែ”។

ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ដូចខាងក្រោម៖

លោក ឯក សុវណ្ណា ០៩៧ ៦៤៤ ៩៩៩៨

លោក ស្រី ថី ០៩៩ ៧២២ ១៨៧

លោក ហឿន សុភាព ០១២ ៣៧៣ ៤៤១/០៩៦ ៦៣២ ៨៥៧៣

លោក ខេង ខូ ០៩៦ ៦៦៨ ០៦៧៣

យើងរួមគ្នាការពារព្រៃឡង់ ព្រៃឡង់ជាព្រៃរបស់យើងទាំងអស់គ្នា!