សហគមន៍ព្រៃឡង់៖ ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំង
បណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី១៧ខែមិថុនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំង ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថានបានបដិសេធចំពោះរបាយការណ៍នេះ និងហៅការរាប់គល់ឈើហើយសន្មត់ថាជាបទល្មើសកើនឡើងនោះ គឺជារឿងបំភ្លើស។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត គឺកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ បានអះអាងថា ពួកគេមានកង្វល់យ៉ាងខ្លាំង ចំពោះការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលកំពុងកើតមានក្នុងតំបន់ព្រៃឡង់។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ខែមិថុនានេះ បណ្តាញសហគមន៍ព្រៃឡង់ បានកត់សំគាល់ឃើញថា មានការអនុញ្ញាតឲ្យដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ ឆ្លងកាត់មុខស្នាក់ការយាមល្បាតរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។ លើសពីនេះ ក៏មានការតម្លើងរោងម៉ាស៊ីអារឈើ ដោយក្រុមហ៊ុន ស៊ីង បាយអូថេក នៅភូមិកំពង់ដំរី ឃុំបឹងចារ ខណៈក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ រហូតមានការវាយតម្លៃផលប៉ះពាល់បរិស្ថាននៅឆ្នាំ២០១៨។ ក្រៅពីនោះការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ក៏កើតឡើងតាមរយៈការធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុន ក្រុមជនអាណាធិបតេយ្យ និងការអនុញ្ញាតរបស់អាជ្ញាធរមូលដ្ឋានឲ្យប្រជាជនកាប់ឈើមកសង់ផ្ទះជាដើម។ ទាំងនេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែល។
ដោយសារមិនឃើញមានវិធានការណាមួយទប់ស្កាត់បានចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ សកម្មជនព្រៃឡង់បានអំពាវនាវដល់ក្រសួងបរិស្ថាន ឲ្យត្រួតពិនិត្យលើការងារមន្រ្តីឧទ្យានុរក្សមួយចំនួន ដែលអសកម្ម និងស្នើអាជ្ញាធរបញ្ឈប់ការចេញលិខិតអនុញ្ញាឲ្យមានការកាប់ឈើនៅព្រៃឡង់តទៅទៀតជាពិសេសបញ្ឈប់អាជីវកម្មឈើហ៊ុបតែម្តង។
យ៉ាងណាក៏ដោយ លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា របាយការណ៍របស់បណ្តាញព្រៃឡង់គឺជាការរាប់គល់ឈើហើយសន្មត់ថាជាបទល្មើសកើនឡើងនោះ គឺជារឿងបំភ្លើស ខណៈដែលក្រសួងរកឃើញថា នៅរយៈពេលចុងក្រោយនេះ ការកាប់ឈើជារួមនៅតំបន់ព្រៃឡង់បានថយចុះ២០%។ តែលោកទទួលស្គាល់ថានៅតែមានបទល្មើសកើតឡើង ប៉ុន្តែក្រសួងបានចាត់វិធានការឲ្យមន្រ្តីឧទ្យានុរក្សដើរល្បាត ដោយរកឃើញថាប្រជាជនជាអ្នកចាញ់បោកក្រុមឈ្មួញក្នុងការស៊ីឈ្នួលកាប់ឈើលក់។
ករណីនេះ បើតាម លោក នេត្រ ភក្ត្រា សមត្ថកិច្ចកំពុងរកមុខអ្នកនៅពីក្រោយខ្នងបទល្មើសកាប់ឈើដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕