វិភាគ៖ ហេតុ​អ្វី​ក្រសួង​បរិស្ថាន​ និង​អ្នក​ការពារ​ព្រៃ​ឈើ​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា​?​

កាលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

តាម​លិខិត​ចុះ​ថ្ងៃទី២៤ ខែមេសា ក្រសួងបរិស្ថាន​ចោទ​ថា គម្រោង​ចូលព្រៃ​ឡង់​ជាថ្មី​ទៀតរបស់​ក្រុម​អង្គការ ​និង​ប្រជា​សហ​គមន៍​ការពារ​ព្រៃឈើ​ដែល​មាន​គម្រោង​ចូលព្រៃ​ឡង់​ជាថ្មី​ទៀត​នោះ ជា​បេ​សកកម្ម​អនា​ធិប​តេយ្យ បំពានច្បាប់​យ៉ាង​គឃ្លើន មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ធ្វើវិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​តែ​ប៉ុ​ណ្ណោះ។

ក្រសួង​ថា៖ «សកម្មភាព​បំពាន​លើច្បាប់​យ៉ាង​គឃ្លើន​បែបនេះ ដោយ​ជ្រក​ក្រោម​ស្លាក​ជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺជា​ចេតនា​ទុច្ចរិត​ក្នុង​ការ​ធ្វើវិទ្ធង្សនា​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិតែប៉ុណ្ណោះ»។

មួយវិញទៀត គម្រោង​ប្រារព្ធ​ខួប ៨ឆ្នាំ​លោក ឈុត វុទ្ធី ដែល​គ្រោង​ធ្វើ​នៅខេត្តព្រះវិហារ ក៏បាន​រាយការណ៍​មក​ថា អាជ្ញាធរ​ចុះ​រារាំង​មិន​ឱ្យធ្វើ​ដែរ ក្រោម​ហេតុផល​ទប់​ស្កា​តក់​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩។

បញ្ហា​ទាំងនេះ​បង្កើត​ជា​សំណួរ​ថា ហេតុអ្វី​ក្រសួង​ និង​អ្នកការពារ​ព្រៃឈើ​ធ្វើការ​មិន​ចុះសម្រុង​គ្នា​?

ការ​គំរាម​របស់ក្រ​សួង​បរិស្ថានទៅលើ​អ្នកការពារ​ព្រៃឈើ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សកម្មជន​ការពារ​បរិស្ថាន ព្រះសង្ឃ និស្សិត រួម​ទាំង​ប្រជាពលរដ្ឋ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​មួយ ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ចេញ​វិធានការ​បិទ​រោងចក្រអារឈើ​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ និង​នៅ​ទូទាំង​ប្រទេស។

យុទ្ធនាការដាំកូនឈើនៅតំបន់ព្រៃឡង់ ក្នុងឱកាសកម្មវិធីដាំកូនឈើថ្ងៃទី ២៣ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៨។ (ហេង វិចិត្រ)

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត មាស នី បង្ហាញ​ការយល់ឃើញ​ថា ការ​សម្លាប់​លោក ឈុត វុទ្ធី និងការ​គំរាមកំហែង​ក្រុម​អ្នកការពារ​ព្រៃឈើ ស្របគ្នា​នឹង​បទ​ល្មើស​ព្រៃឈើ​កើតឡើង ជា​ម៉ែ​ត្រវាស់​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ។

លោក​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​មើលទៅ​រដ្ឋាភិបាល​ហាក់ដូច​មិនទាន់​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​ប្តេជ្ញា​ការពារ​ព្រៃឈើ​ឱ្យបាន​គង់​វង្សទេ ​ហាក់ដូចជា​ក្រុម​ណាមួយ​ទទួល​បានផល​ប្រយោជន៍​ពី​ព្រៃឈើ​ហ្នឹង ហើយ​អាចយ​កប្រយោជន៍​ទៅ​ប្រើ​ក្នុង​មធ្យោបាយ​អី​ផ្សេងទៀត​ដែល​យើង​មិន​ហ៊ាន​និយាយ»។

អ្នកឃ្លាំមើល​រូប​នេះ យល់ថា ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ការពារ​ព្រៃឈើ​ពីសំណាក់​រដ្ឋាភិបាល និងមិនចង់ឃើញរលកថ្មីកើតចេញពីចលនាការពារព្រៃឈើ ចំ​ពេល​រដ្ឋាភិបាល​កំពុង​ប្រឈម​បញ្ហា​កូវីដ១៩ វា​ប្រៀប​បាន​បង្កើត​សង្គ្រាម​រវាង​អាជ្ញាធរ និង​ក្រុម​អ្នកការពារ​ព្រៃឈើ​ដែល​មិន​នៅក្នុង​ជួ​ររដ្ឋាភិបាល។

លោក​ថា៖ «ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​នៅពេល​នេះ​ ហាក់ដូចជា​បន្ថែម​ទៅលើ​ការ​ព្រួយបារម្ភ​ពី​កូ​វីដ​ផង ពី​បញ្ហា​កម្មករ​អត់​ការងារ​ធ្វើ​ផង។ អ៊ីចឹង ​រដ្ឋាភិបាល​ក៏​មិន​ចង់​ឃើញ​ចលនា​ការពារ​ព្រៃឈើ​អីហ្នឹង​កើតឡើង​ទេ»។

លោក​បណ្ឌិត មាស នី ផ្តល់​ជា​យោបល់​ថា ដើម្បីឱ្យអ្នកការពារ​ព្រៃឈើ​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​ចុះសម្រុង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ លុះ​ណា​រដ្ឋាភិបាល​ចែក​ឱ្យណាច់រវាង​មន្ត្រី​ការ​ពារ​ព្រ​ឈើ និង​មន្ត្រី​កាង​បទល្មើស​ព្រៃឈើ។

កាលពី​ខែមិថុនា ​ឆ្នាំ២០០៧ អង្គការ​បរិស្ថាន​អន្តរ​ជា​តិ​ គ្លុបល​ វី​ដណេស ​(Global Witness​) បាន​បង្ហាញ​ពី​ខ្សែ​បណ្តាញ​ប្រព្រឹត្តបទល្មើស​ព្រៃឈើ​នេះ ដោយ​បង្ហាញថា ជាប់ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​សំ​ខាន់​ៗមួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ក្នុង​នោះ​មាន​ទាំង​សាច់​ញាតិនាយក​រដ្ឋមន្ត្រី​ផង​ដែរ។

ប៉ុន្តែ​ ក្រោយមក ​រដ្ឋាភិបាល​បាន​បណ្តេញ​ទី​ស្នាក់​របស់ ​Global Witness​ ចេញពី​កម្ពុជា ដោយ​ចាត់ទុក​របាយការណ៍​នោះ​ថា ជា​រឿងប្រឌិត ។

ប៉ុន្តែ អំឡុង​ខែមេសា ឆ្នាំ២០១០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដក​តំណែង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ លោក ទី សុគន្ធ ក្រោយពី​រក​ឃើញថា មាន​បទល្មើស​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ប្រណិតៗ ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​រុករក​ឃើញ​ បង្ក្រាប និង​ចាប់​មេព្រៃ​មួយចំនួន​ដាក់​ពន្ធនាគារ។

នៅ​ចុងឆ្នាំ២០១៥ទៀត​សោ​ត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ក្រុមការងារ​ពិសេស​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ ហៅថា គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​ដឹកនាំ​ដោយ​លោក​ សៅ សុខា ។

ប៉ុន្តែ ១ឆ្នាំ​បន្ទាប់​ គឺ​នៅ​ឆ្នាំ២០១៦ លោក ហ៊ុន សែន អះ​អាង​ថា ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន និង​បាន​បញ្ជា​ផ្ទាល់មាត់​ឱ្យក្រសួង​ពាក់ព័ន្ធ​សហការ​ជាមួយ​សកម្មជន​ការពារ​ព្រៃឈើ នូវ​អ្វី​ដែល​លោក​ហៅថា ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នេះ​ចំពោះការទប់ស្កាត់​បទល្មើស​ព្រៃឈើ។

លោក​ថា៖ «បម្រាមនៃ​ការ​កាប់​ឈើ​ហ៊ុប​នាំចេញ ត្រូវ​បាន​អនុវត្ត​តាំងពី​ឆ្នាំ១៩៩៨ រហូតមកដល់​ពេលនេះ។ ប៉ុន្តែ​ ការ​កាប់​ឈើ​ទន្ទ្រាន​យក​ដី ការ​លួច​កាប់​ឈើ​នៅតែ​បន្ត​កើតមាននេះ​ យើង​ត្រូវ​ទទួលស្គាល់ ជាក់ស្តែង ​យើង​កំពុង​មាន​ឈើ​ល្មើសច្បាប់​ក្នុង​ដៃ ៧ម៉ឺន​ម៉ែត្រគូប មិនដឹង​កាប់​ពី​ត្រង់ណា។ អញ្ចឹង​ទេ​ សមត្ថកិច្ច​យើង​តែមួយមុខ វា​អត់​គ្រប់​ទេ អញ្ចឹង​អំពាវនាវ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ចូលរួម​ការពារ​ព្រៃឈើ។ អញ្ចឹង​ កុំ​មើល​គ្នា​ជាស​ត្រូវរវាង​អ្នកការពារ​ព្រៃឈើ និង​រដ្ឋបាល​ដែល​ទទួលបន្ទុក​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​មើល​គ្នា​ក្នុង​ភាពជា​ដៃគូ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង។»

ប្រធាន​គ្រប់គ្រង​កម្មវិធី​នៃ​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូ​រី និយាយ​ថា ការរារាំង​ពិធី​ប្រារព្ធ​ខួប​លោក ឈុត វុទ្ធី ក៏​ជាផ្នែក​មួយ​បិទបាំង​ភាព​អសកម្ម​របស់​អាជ្ញាធរ​ដែល​គ្មាន​លទ្ធភាព​វែកមុខ​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​បាន។

លោក​ថា៖ «កា​រំឭក​អំពី​សកម្មជន​បរិស្ថាន​ ឬក៏​វីរ​ជន​ណា​ បរិស្ថាន​ណាមួយ ​ជា​ការ​បកអាក្រាត​អំពើពុករលួយ​អ្នក​ដែល​ពាក់ព័ន្ធ​ និង​អ្នក​កាប់​ឈើ​ខុសច្បាប់»។

លោក ស ម៉ូ​រី វិភាគ​ថា បញ្ហា​ចំបង​ដែល​សកម្មជន​ការពារ​ព្រៃឈើ ​ធ្វើការ​មិន​ចុះសម្រុង​ជាមួយ​ក្រសួង​ក៏ដូចជា​អាជ្ញាធរ ដោយសារតែ​បទល្មើស​វា​បាន​កើតជា​បន្តបន្ទាប់ តែ​វិធានការ​ទប់ស្កាត់​ឱ្យទាន់ពេល ​វា​អត់​ត្រូវ​បាន​ធ្វើឡើង ធ្វើឱ្យជនល្មើស​រួចពី​សំណាញ់​ច្បាប់ ។

លោក​ថា៖ «សហគមន៍​គាត់​តែងតែ​រក​ឃើញ​ជា​និច្ច​នៃ​ក្រុម​លាក់ខ្លួន​ ដើម្បី​សម្ងំ​កាប់​ឈើ​ជា​ទ្រង់ទ្រាយ​ លប​កាប់​ឈើ​ក៏​មាន ការ​ទន្ទ្រាន​ដី​រាប់​រយ​ហិក​តា​ដើម្បី​កាប់​រាន​ធ្វើ​កសិកម្ម ក៏ប៉ុន្តែ​ព័ត៌មាន​ទាំងអស់​នោះ ​យើង​អត់​ឃើញ​មន្ត្រី​ឧទ្យានុ​រក្ស​នោះ​គាត់​ចាត់វិធានការ​ទេ»។

របាយការណ៍​ក្រសួងបរិស្ថាន​ប្រចាំឆ្នាំ២០១៩ បង្ហាញថា កម្ពុជា​មាន​ព្រៃឈើ ៥០ភាគរយ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស ដែល​ជា​អត្រា​មាន​ព្រៃឈើ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ចំណែក​របាយការណ៍​អង្គការ​ណា​សា កាលពី​ឆ្នាំ២០១៧ បង្ហាញថា កម្ពុជា​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំង ចន្លោះ​ឆ្នាំ២០០១ ដល់២០១៤។ របាយការណ៍​បញ្ជាក់​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើឡើង​ក្រោម​រូបភាព​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច។

បើ​តាម​ក្រសួងបរិស្ថាន​ បច្ចុប្បន្ន​ កម្ពុជា​មាន​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ៦០ កន្លែង ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី ប្រមាណ​ជាង ៧,២លាន​ហិ​កា​តា ស្មើ​ប្រមាណ ៤១ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា។

តំបន់ការពារធម្មជាតិ​ និង​អភិរក្ស​ទាំងនោះ មាន​មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ក្រសួងបរិស្ថាន ១២៦០នាក់ ឈរជើង​នៅ​តាម​តំបន់ការពារធម្មជាតិ​នី​មួយ​ៗ បាន​និង​កំពុង​ធ្វើសកម្មភាព​ល្បាត ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​សហគមន៍​នៅ​មូលដ្ឋាន។

យ៉ាងនេះ​ក្តី លោក ស ម៉ូរី បង្ហាញ​ការ​ព្រួយបារម្ភ​ថា បទល្មើស​ព្រៃឈើ​នឹង​មិន​ថយ​ចុះ​ទេ ដរាបណា​រដ្ឋាភិបាល​នៅតែ​ផ្តល់​សិទ្ធិ​ឱ្យមាន​ក្រុមហ៊ុន​បង្កើត​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​តំបន់​ព្រៃ និង​បន្ត​ផ្តល់​អាជ្ញា​បណ្ណ​ឱ្យមានការ​នាំ​ឈើប្រណិត​ទៅក្រៅ​ប្រទេស​នោះ​៕

ប្រភព៖ VOD