សកម្ម​ជន​ព្រៃ​ឡង់​ រីករាយ ​ក្រោយ​ដៃ​គូ ​ទទួល​បានពាន​រង្វាន់​​

លោកស្រី Ida Theilade ក្នុងពេលទទួលបានពានរង្វាន់ថ្មីៗនេះ។ រូបថត ហ្វេសប៊ុក

កំពង់ធំ/ព្រះវិហារ​: ក្រុម​សកម្ម​ជន​ព្រៃ​ឡង់​បាន​សម្ដែង​ក្ដី​រីករាយ​និង​អបអ​រ​សា​ទរ​ជា​ខ្លាំង​ ខណៈ​ដៃ​គូ​សហ​ប្រតិ​បត្តិ​កា​រក្នុង​គម្រោង​ការ​ពារ​ព្រៃ​ឡង់​​របស់​ពួក​គេ ​គឺ​អ្នក​ស្រី ​អ៊ីដា ថេឡា​ដ (Ida Theilade) ទទួល​បាន​ពាន​រង្វាន់​កិត្តិ​យស​ពី​សា​កល​វិទ្យា​ល័យ​កូ​ប៉េន​ហា​ហ្គែន ​(University of Copenhagen) ​កាល​ពី​សប្ដាហ៍​មុន​ក្រោម​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​ពីម្ចាស់​ក្សត្រិ​យ៍​របស់​ប្រ​ទេស​​ដា​ណឺ​ម៉ាក។

អ្នក​ស្រី​ Ida​The​ilade​ គឺ​ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​ផ្នែក​អភិ​វឌ្ឍន៍​សា​កល​វិទ្យា​ល័យ ​Copen​ha​gen នៃ​ប្រទេស​ដា​ណឺ​ម៉ាក។ ​ក្នុង​កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​កិតិ្ត​យស ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​វិច្ឆិកា​ ថ្មីៗនេះ ​ អ្នកស្រី Ida បាន​ជួប​ពិភាក្សា​ជាមួ​យ​ម្ចាស់​ក្សត្រិយ៍ដា​ណឺ​ម៉ាក​អំពី​កា​រខិត​ខំប្រឹង​ប្រែងរបស់​សហ​គមន៍​ព្រៃ​ឡង់​ក្នុង​កិច្ច​ការ​ពារ​ព្រៃ​ឡង់និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរ​ស័ព្ទ​ទំនើប​ដើម្បី​តាម​ដាន​សក​ម្មភាព​ក្នុង​ព្រៃ។ ​នេះបើ​​តាម​គេហទំ​ព័រ​ប​ណ្ដាញ​សង្គម​របស់​បណ្ដាញ​ព្រៃ​ឡង់​​។

លោក​ សុខ​ ប្លោក​ ប្រធាន​ក្រុមល្បាត​នៃ​បណ្ដាញ​សហ​គមន៍​ព្រៃឡ​ង់ខេត្ត​កំពង់​ធំ​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​វិច្ឆិកា​នេះ​ថា ​អ្នក​ស្រី Ida Theilade ទទួល​បាន​ពាន​រង្វាន់​កិត្តិ​យស​ពី​សាកល​វិទ្យា​ល័​យ ​Copenhagen តាម​រយៈ​កម្មវិធី​ App Prey Lang ដែល​គាត់​បាន​ផ្ដួច​ផ្ដើម​បង្កើត​ឡើង​ដើម្បី​ការ​ពារ​ព្រៃឡង់​ក្នុង​ប្រទេស​កម្ពុជា​។

លោក ​ប្លោក​ បាន​ថ្លែង​ថា៖ ​«តា​ម​រយៈ​កម្មវិធី​ App Prey Lang ដែល​អ្ន​កស្រី Ida បាន​បង្កើត​ឡើង​នេះ​បាន​ជួយ​សម្រួល​ដល់​ការងារ​​ក្រុម​សហ​គមន៍​បណ្ដាញ​ព្រៃ​ឡង់​យើងក្នុង​ការ​ចុះល្បា​តព្រៃ​ ត្រួត​ពិនិត្យ​ និង​កំណត់​ទីតាំង​ភូមិ​សាស្ត្រ​និងការ​ប្រមូល​ចងក្រ​ង​ឯក​សារ​នូវរាល់​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​ដែល​បាន​កើត​ឡើងក្នុ​ង​តំបន់​ដែនជ​ម្រក​សត្វ​ព្រៃព្រៃ​ឡង់​ដើម្បី​​ផ្ទុក​ជា​ទិន្ន​ន័យ​។ យើង​ពិត​ជា​រីករាយ​ណាស់ពេល​ដែល​បាន​ទទួល​​ដំណឹង​ថា​ គាត់​[អ្ន​ក​ស្រី Ida] ទទួល​បាន​ពាន​រង្វាន់​កិតិ្ត​យស ពី​សា​កល​វិទ្យា​ល័យ ​Cop​e​nh​a​ge​n​»​។

ស្រដៀង​គ្នានេះ​ដែ​រ ​លោក ស្រី ថី ប្រធាន​សហគម​ន៍បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ព្រះ​វិហារ ​បាន​ថ្លែបន្ទ​រថា តាម​រយៈ​កម្ម​វិធី​នេះ ស​កម្ម​ជន​ព្រៃឡង់អាច​ចែក​រំលែក​នូវ​ព័ត៌​មា​ន​គ្នាទៅ​វិ​ញ​ទៅ​មកក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃតាម​គ្រប់​រូបភាព ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​បាន​បង្ក​ឡើង​​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​។

លោក​ ថី បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​អុំទូក​ ក្រុម​បណ្ដាញ​ព្រៃ​ឡង់​របស់​លោក​បាន​នាំ​គ្នាចុះ​ល្បាត​ព្រៃ​ រយៈ​ពេល​ ៤​ ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពីថ្ងៃ​ទី ​២១ ​ដល់​ថ្ងៃ​ទី​ ២៤ ​ខែ​ វិច្ឆិកា​ ហើយ​បាន​បង្ក្រាប​ ចាប់​រឹ​បអូស​បាន​រណារ​យន្ត ​១​គ្រឿង នៅ​ចំណុច​ភ្នំ​ចោត និង រឹប​អូស​បាន​កាំភ្លើង​កែ​ច្នៃ​២ដើម​ ស្នា​សេះ​​ ២ ដើម​ នៅ​ចំណុច​ស្ទឹង​ព្រោង​ ក្នុង​ស្រុក​ជ័យ​សែន​ដែល​ក្រុម​ជន​ល្មើស​បាន​នាំយ​កទៅ​លាក់​ទុកដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​​។

ជា​មួយ​គ្នា​នេះ​ក្រុម​ការ​ងារ​របស់​លោកក៏​បាន​ទប់​ស្កាត់​ពល​រដ្ឋ​ចំណាក​​​ស្រុក​ពី​ខេត្ត​កំពង់​ធំ​និង​ខេត្ត​សៀម​រាបសរុប​​៨​នាក់​ផងដែរ​ ខណៈពួកគាត់​​ព្យា​យាម​បើក​គោ​យន្ត​កែ​ច្នៃ​ចូល​​ក្នុង​តំបន់​នោះ​ដើម្បី​កាប់​ឈើ​។

លោក ​ថី​ បាន​បញ្ជាក់​ថា៖ ​«កា​រចុះ​ល្បាត​នេះ​គឺ​ពួក​យើង​ប្រើ​កម្ម​វិធី​ App Prey Lang ​ដើម្បី​កំណត់​ទី​តាំង​ភូមិ​នៃ​បទ​ល្មើស​ដែល​បាន​កើត​ឡើង​និង​ចែក​រំលែក​ព័ត៌​មាន​ភ្លាមៗ​ទៅ​កាន់​ក្រុម​បណ្ដាញ​របស់​យើង​ដើម្បី​កត់​ត្រា​បញ្ចូល​នៅ​ក្នុង​ទិន្នន័យ​របស់​យើង​ទុក​ជា​ឯក​សារ»​។

លោក ​ថី បាន​បង្ហាញ​នូវ​​ក្ដី​រំពឹង​យ៉ាង​មុត​មាំ​ថា គម្រោងដែល​គាំទ្រ​ដោយ​រាជ​រដ្ឋា​ភិ​បាល​​​ដាណឺ​ម៉ាកតាម​រយៈ​សាក​ល​វិទ្យា​ល័យ​ Copenhagen មួយ​នេះ ​នឹង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រយៈ​ពេល​​ ៣ ឆ្នាំ​បន្ថែម​​ទៀត៕​