សហគមន៍ព្រៃឡង់នៅតែអះអាងថា ព្រៃឡង់នៅតែរងការកាប់ទន្ទ្រានពីមន្ត្រី និងឈ្មួញមួយចំនួន
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត នៅតែអះអាងថា ព្រៃឡង់នៅតែរងការកាប់ទន្ទ្រាន និងលួចដឹកឈើចេញពីតំបន់ព្រៃឡង់ ពីសំណាក់ជនល្មើសអនាធិបតេយ្យ អ្នកមានអំណាច និងមន្ត្រីមូលដ្ឋានមួយចំនួន។ សហគមន៍ព្រៃឡង់ទាំងបួនខេត្ត គ្រោងនឹងធ្វើសន្និសីទកាសែតអំពីរឿងនេះ ដើម្បីបង្ហាញដល់សាធារណជន ជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី៤ ខែតុលា។
តំណាងសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព បានឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២ ខែតុលា នេះថា ក្រុមសហគមន៍នៅតែសង្កេតឃើញថា មានមន្ត្រីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានមួយដែលលួចឃុបឃិត ប្រព្រឹត្តិអំពើពុករលួយ ជាមួយឈ្មួញដែលធ្វើអោយសកម្មភាពកាប់ទន្ទ្រានព្រៃឈើនៅតែបន្តកើតមាន៖ «ការពិតទៅអ្វីដែលយើងនឹងនិយាយមិនមែនជាការជះទឹកដាក់គ្នា មិនមែនជារឿងចង់បំបាក់ម្ខាងៗ ប៉ុន្តែអ្វីដែលយើងនិយាយគឺជារឿងពិតដែលកើតឡើងនៅមូលដ្ឋាននីមួយៗ។ ការពិតទៅគឺមន្ត្រីមួយចំនួនទេ មិនមែនទាំងអស់ទេ គឺយើងនិយាយតែមន្ត្រីមួយចំនួនដែលខិលខូច។ រឿងនេះខ្ញុំគិតថា ពិបាកនៅក្នុងការធ្វើសកម្មភាព ឬការងាររបស់ក្រុមយើងផងដែរ ដោយសារព្រៃឈើ វាទាក់ទងរឿងនយោបាយ គឺវាពិបាកនៅក្នុងការវិនិច្ឆ័យ ការគ្រប់គ្រង ឬក៏ការនិយាយស្តី វាពិបាក ពិបាកមែនទែន»។
លោក ហឿន សុភាព សង្ឃឹមថា បន្ទាប់ពីការរៀបចំសន្និសីទកាសែតនេះរួច រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន នឹងមានចំណាត់ការមួយដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ដែលមានទំហំជាប់ខេត្តចំនួនបួន គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។ បន្ថែមពីនេះ លោក ហឿន សុភាព មានជំនឿថា ប្រសិនបើអាជ្ញាធរមូលដ្ឋាន រួមគ្នាជាមួយសហគមន៍ព្រៃឡង់ទាំងបួនខេត្ត នឹងអាចការពារធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់បានជាក់ជាមិនខាន។
ទោះយ៉ាងណាក្នុងសេចក្ដីប្រកាសព័ត៌មានរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលផ្សាយនៅថ្ងៃទី ០២ ខែតុលា បានកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្សមួយចំនួនផ្សេងទៀតដែលបានធ្វើការ ដកហូតដីព្រៃ ដែលជនអនាធិបតេយ្យកាប់ទន្ទ្រាន ដកហូតម៉ាស៊ីនអារឈើ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
សន្និសីទកាសែតអំពីស្ថានភាពព្រៃការពារដែនជម្រកសត្វព្រៃ “ព្រៃឡង់” ដែលគ្រោងរៀបចំធ្វើនៅព្រឹកថ្ងៃទី៤ ខែតុលានេះ នឹងធ្វើឡើងនៅក្នុង ផ្ទះមេត្តា ឬ Meta House ដែលស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ៕
Source: RFA