The Citizens Ask to Stop Xayaburi hydropower Construction

July 11, 2012 | Posted in: News

ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើរ​ហែ​ក្បួន​ធម្មយាត្រា​ចេញ​ពី​វត្ត​នគរបានជ័យ ឆ្ពោះ​ទៅ​ក្រោម​ស្ពាន គីហ្ស៊ូណា (Kysona Bridge) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២។

ក្បួន​ធម្មយាត្រា ដែល​មាន​មនុស្ស​ចូល​រួម​ជិត​៥០០​នាក់ ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ​ផង បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ទាំង​៤​ប្រទេស នៃ​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ឲ្យ​បញ្ឈប់​សកម្មភាព​គម្រោង​សាងសង់​ទំនប់​ វារីអគ្គិសនី សាយ៉ាបូរី (Xayaburi) នៅ​ប្រទេស​ឡាវ។

ការ​ធ្វើ​ធម្មយាត្រា​នេះ នៅ​បន្ទាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា បាន​រក​ឃើញ​ថា ប្រសិន​បើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី នៅ​តែ​បន្ត​នោះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ពិសេស​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ ដ៏​សំបូរ​បែប​នៃ​ទន្លេ​មេគង្គ។

 

ព្រះ​គ្រូ ស៊ាង លាង ជា​នាយក​ប្រតិបត្តិ នៃ​ពុទ្ធិក​សមាគម​អភិវឌ្ឍ​បរិស្ថាន និង​ជា​ព្រះ​អនុគណ​ស្រុក​ស្ទឹងត្រង់ ដែល​ជា​អ្នក​រៀប​ចំ​ធម្មយាត្រា​នេះ មាន​ថេរ​ដីកា​ថា ការ​ធ្វើ​ធម្មយាត្រា​នេះ ក្នុង​គោល​បំណង​សំខាន់ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់ ដែល​កើត​ឡើង​ពី​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី ដូច​ជា​ធនធាន​ធម្មជាតិ ធនធាន​ជលផល និង​ប្រជាពលរដ្ឋ​រស់​នៅ​ពឹង​ផ្អែក​លើ​ទន្លេ​មេគង្គ ផ្ដល់​ឱកាស​ដល់​ព្រះសង្ឃ ពុទ្ធសាសនា សហគមន៍ សិស្សានុសិស្ស ក្នុង​ការ​ស្វែង​យល់​ពី​គម្រោង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ទន្លេ​ មេគង្គ ពិសេស​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី។

ទីតាំង​ភូមិ​សាស្ត្រ​ទំនប់ សាយ៉ាបូរី លាត​សន្ធឹង​កាត់​ដង​ទន្លេ​មេគង្គ​ទាំង​មូល មាន​ប្រវែង​៨១០​ម៉ែត្រ មាន​កម្ពស់​៣២​ម៉ែត្រ ដែល​មាន​ទំហំ​ជិត​៥០​គីឡូ​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​ត្រង់​កន្លែង​ទឹក​ហូរ​ខ្លាំង​កែងលួង មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូ​ម៉ែត្រ ពី​ទី​រួម​ខេត្ត​សាយ៉ាបូរី ប៉ែក​ខាង​កើត និង​ស្ថិត​នៅ​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ឡាវ។

 

កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០០៧ រដ្ឋាភិបាល​ឡាវ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ កានឆាង (Ch Karchang) របស់​ថៃ។ មក​ដល់​ឆ្នាំ​២០១០ ក្រុមហ៊ុន កានឆាង (Ch Karnchang) របស់​ថៃ បាន​ចុះ​កុងត្រា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី នូវ​ទឹក​ប្រាក់​ជាង​៥១​ពាន់​លាន​បាត ជាមួយ​ក្រុមហ៊ុន សាយ៉ាបូរី ផូវវើ (Xayaburi Power) របស់​ប្រទេស​ឡាវ ដែល​គេ​បាន​ចាប់​ផ្ដើម​សាងសង់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ មិនា ឆ្នាំ​២០១២ មាន​ទុន​ចំនួន​៨០០​លាន​បាត។

ការ​ចុះ​កុងត្រា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ គឺ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ឡាវ។ គម្រោង​នេះ នឹង​ផ្ដល់​ថាមពល​ចំនួន ១.២៨៥ មេហ្គាវ៉ាត់។ តាម​ការ​ប៉ាន​ប្រមាណ ត្រូវ​ចំណាយ​លុយ​ដើម្បី​សាងសង់​អស់ ១១៥​ពាន់​លាន​បាត ដែល​ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​៨​ឆ្នាំ។ ចំណែក​ថាមពល​អគ្គិសនី ដែល​ទទួល​បាន​ពី​ទំនប់​វារីអគ្គិសនី​នេះ រដ្ឋាភិបាល​ឡាវ​នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ ប្រមាណ​៩៥%។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​កម្មវិធី​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា អ្នកស្រី អ៊ឹម ផលឡៃ បាន​លើក​ឡើង​ថា អង្គ​ការ​របស់​អ្នកស្រី​កំពុង​តែ​ប្រមូល​ស្នាម​មេដៃ ដាក់​ទៅ​រដ្ឋាភិបាល​ថៃ ដើម្បី​សុំ​ឲ្យ​បញ្ឈប់​ទិញ​អគ្គិសនី​ពី​ឡាវ។

 

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក គល់ វឌ្ឍនា មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ឆ្នាំ​២០១១ ដែល​គេ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) មេ​ដឹកនាំ​ប្រទេស​ទាំង​៤ ធ្លាប់​បាន​ឯកភាព​ជា​គោលការណ៍ ដើម្បី​សុំ​អ្នក​ស្រាវជ្រាវ​ប្រទេស​ជប៉ុន (Japan) ចុះ​មក​សិក្សា​អំពី​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី នៅ​លើ​ទន្លេ​មេគង្គ​ជា​មុន​សិន។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ កិច្ច​ព្រមព្រៀង​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ (MRC) ឆ្នាំ​១៩៩៥ បណ្ដា​ប្រទេស​តាម​ទន្លេ​មេគង្គ​ក្រោម បាន​អនុម័ត​ពិធី​សារ​មួយ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ជូន​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន លើ​សំណើ​គម្រោង​សាងសង់​វារីអគ្គិសនី​លើ​ទន្លេ​នេះ។

អភិបាល​ក្រុង​កំពង់ចាម លោក ធុច ថាត មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​សាងសង់​ទំនប់​នេះ នៅ​ពេល​ខាង​មុខ ពីព្រោះ​ថា​ទំនប់​នេះ​មាន​ចម្ងាយ​ប្រមាណ​ជាង​១.២០០​គីឡូ​ម៉ែត្រ ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា។

 

ភ្ជាប់​ទៅ​នឹង​ការ​កសាង​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី នេះ ប្រធាន​កម្មវិធី​ផ្នែក​អប់រំ​នៃ​អង្គការ​អភិវឌ្ឍន៍​ព្រះពុទ្ធសាសនា និង​សង្គម ព្រះ​គ្រូ ព្រំ ឌី មាន​ថេរ​ដីកា​ថា បើ​គិត​អំពី​ផ្លូវ​ធម៌​នៃ​សាសនា​ព្រះពុទ្ធ ការ​សង់​ទំនប់​វារីអគ្គិសនី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មនុស្ស​លោក និង​ជីវចម្រុះ​គ្រប់​ប្រភេទ​នៅ​ក្នុង​ទន្លេ គឺ​ខុស​នឹង​សាសនា។

តំណាង​សហគមន៍​មក​ពី​ភូមិ​វើនហ្វាំង ស្រុក​វើនសៃ ខេត្ត​រតនគិរី អ្នកស្រី ហ្វាយ សុត ដែល​អ្នកស្រី​មាន​ដើម​កំណើត​ជា​ជនជាតិ​ឡាវ​នោះ បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។ អ្នកស្រី​បញ្ជាក់​ថា កន្លង​មក​សហគមន៍​របស់​ពួក​គាត់​រង​នូវ​ផល​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី យ៉ាលី របស់​វៀតណាម ដែល​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​មិន​ទៀងទាត់ ធ្វើ​ឲ្យ​ពួក​គាត់​រស់​នៅ​តាម​ដង​ទន្លេ​នោះ ត្រូវ​ផ្លាស់​ទី​លំនៅឋាន។

 

ទន្លេ​មេគង្គ គឺ​ជា​ទន្លេ​មួយ​ក្នុង​ចំណោម​ទន្លេ​ដែល​មាន​ជីវចម្រុះ​ច្រើន​បំផុត និង​ជា​ជង្រុក​ជលផល​ទឹក​សាប​ធំ​បំផុត​នៃ​ពិភពលោក។អាង​ទន្លេ​មេគង្គ​ជា​ជម្រក​នៃ​មនុស្ស​ចំនួន៦៥​លាន​នាក់ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួល​បាន​នូវ​ជាតិ​ប្រូតេអ៊ីន ពី​៤០​ទៅ​៨០% ពី​នេសាទ​ទឹកសាប។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ចំនួន​១១ លើ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ក្រោម រាប់​ទាំង​ទំនប់ សាយ៉ាបូរី ផង​ដែរ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចលនា​បម្លាស់ទី​របស់​ត្រី និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ នៃ​ទន្លេ​នេះ។

 

គម្រោង​ទំនប់​វារីអគ្គិសនី​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​លិច​លង់​ដី​កសិកម្ម​នៅ​តាម​ទន្លេ​មេគង្គ និង​ដៃ​របស់​វា។ ប្រការ​នេះ មាន​ន័យ​ថា ជីវភាព​រស់​នៅ​របស់​មនុស្ស​រាប់​លាន​នាក់ ដែល​ពឹង​ផ្អែក​លើ​ធនធាន​ទន្លេ​នេះ នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។

នាយក​រង​នៃ​ពុទ្ធិកសមាគម​អភិវឌ្ឍន៍​បរិស្ថាន លោក យុក សេងឡុង បាន​បញ្ជាក់​ថា ការ​ធ្វើ​ធម្មយាត្រា​នេះ លោក​ក៏​បាន​ប្រមូល​ស្នាម​មេដៃ​អ្នក​ចូល​រួម ដើម្បី​ដាក់​ទៅ​គណៈកម្មាធិការ​ទន្លេ​មេគង្គ នៃ​ប្រទេស​ទាំង​បួន ឲ្យ​ឡាវ​បញ្ឈប់​នូវ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី នេះ៕

http://www.rfa.org/khmer/indepth/protest_to_stop_xayaburi_plan-06302012054540.html