Preah Vihear Provincial Authorities Accused of Threatening Civil Rights

July 12, 2012 | Posted in: News, Uncategorized

សកម្មជន​ការពារ​ព្រៃឡង់​ភាគ​ច្រើន ជា​ជន​ជាតិ​ភាគ​តិច​កួយ ក្នុង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ កំពុង​មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ សិទ្ធិ​បញ្ចេញ​មតិ ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រជា​សហគមន៍​កំពុង​រួញ​តូច​ចង្អៀត។ ពលរដ្ឋ​អះអាង​ថា សកម្មភាព​ទាំង​នេះ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សមត្ថកិច្ច​មូលដ្ឋាន និង​មាន​ការ​គំរាម​កំហែង​សព្វ​បែប​យ៉ាង។

 

តំណាង​សហគមន៍ នៅ​ឃុំ​ធ្មា ស្រុក​ជ័យសែន និង​ជា​បណ្ដាញ​ការពារ​ព្រៃឡង់ ខាង​ខេត្ត​ព្រះវិហារ លោកស្រី ភោគ ហុង អោយ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១០ កក្កដា ថា នៅ​ក្នុង​អំឡុង​ពេល​ប្រមាណ​ជា ៣​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​នៅ​ក្នុង​ភូមិ ឃុំ របស់​គាត់​បាន​គាប​សង្កត់ បំបិទ​សិទ្ធិ​សេរីភាព​មិន​អោយ​ពួក​គាត់​ជួប​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃឡង់ និង​ផល​ប៉ះពាល់​ពី​ការ​ឈូស​ឆាយ​ព្រៃ និង​ចម្ការ វាត់​យក​ដី​ដែល​បង្ក​ដោយ​ក្រុមហ៊ុន​ឯកជន ក្រោម​ស្លាក​អភិវឌ្ឍ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ។

លោកស្រី​បន្ត​ថា នៅ​ប្រជាពលរដ្ឋ​ជួប​ប្រជុំ​គ្នា​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​អភិវឌ្ឍ​ផ្សេងៗ​ស្តី​ពី​បញ្ហា​ទាំង​នេះ អាជ្ញាធរ​តែង​តែ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ​ពាក់ព័ន្ធ​នឹង​គណបក្ស៖ «សហគមន៍ ត្រូវ​ការ​ចំណេះ​ដឹង ត្រូវ​ការ​តស៊ូ​មតិ ហើយ​ត្រូវ​ការ​ការពារ មិន​មែន​ធ្វើ​ការ​អ្វី​ខុស​ពី​ការ​ការពារ​ទេ ប៉ុន្តែ​គេ​មិន​យល់​ថា យើង​ធ្វើ​ការ​ដើម្បី​ប្រទេស ស្រឡាញ់​ជាតិ ប្រជាពលរដ្ឋ​ទេ គេ​ចោទ​ប្រកាន់​តែ​ផ្លូវ​មួយ​ពី​រឿង​នយោបាយ។ ប៉ុន្តែ ដូច​ខ្ញុំ​ក៏​ដោយ អ្នក​ណា​ក៏​ដោយ ទូទាំង​២៤​ខេត្ត​ក្រុង ក្រុម​ចង​បណ្ដាញ​មិន​ទាក់​ទង​នយោបាយ​ឯណា ទាក់​ទង​តែ​រឿង​ការពារ​ព្រៃ​ឈើ​ហ្នឹង។ ចំណែក​ប្រជា​សហគមន៍​សាមគ្គី​រុងរឿង នៅ​ឃុំ​ស្អាង ស្រុក​ជ័យសែន ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។

ប្រធាន​សហគមន៍ លោកស្រី អាត់ ប្រែង ជា​ជនជាតិ​កួយ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ តែងតែ​បង្ខំ​ឲ្យ​ប្រជា​សហគមន៍​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ឬ​ក៏​មាន​ការ​ជួប​ប្រជុំ​គ្នា​ពី​ផែនការ​អភិវឌ្ឍ​សហគមន៍ ឬ​ពិភាក្សា​អំពី​ការ​អភិរក្ស​ធនធាន​ព្រៃ​ឈើ​ជាដើម៖ «មេ​ប៉ុស្តិ៍​មក​ ប្រាប់​ខ្ញុំ​ថា បើ​ចង់​ទៅ​ណា ធ្វើ​ការ​អី ប្រជុំ​អី ត្រូវ​ប្រាប់​ទៅ​ប៉ុស្តិ៍ ត្រូវ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន។ ខ្ញុំ​ប្រាប់​ថា ចុះ​បើ​គ្រាន់​តែ​ប្រជុំ​ថ្នាក់​មូលដ្ឋាន​ពង្រឹង​សហគមន៍​តិច​តួច​ចាំ​ប្រាប់ ដែរ? គាត់​ថា ត្រូវ​តែ​ប្រាប់។ ខ្ញុំ​ថា គ្រាន់​តែ​ប្រជុំ​បន្តិច​បន្តួច​ក៏​ចាំ​បាច់​ប្រាប់​ដែរ អញ្ចឹង​ខ្ញុំ​គ្មាន​ពេល​ណា​ទៅ​ប្រាប់​ទេ។ ខ្ញុំ​ធ្វើ​អី​មិន​ក្បត់​ឧត្តម​គតិ​ខ្លួន​ឯង ហើយ​ខ្ញុំ​ធ្វើ​នេះ​មិន​ប្រឆាំង​នឹង​បក្ស ហើយ​ក៏​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែរ»។ ប៉ុន្តែ​រាល់​ការ​រិះគន់​របស់​ប្រជា​សហគមន៍​ទាំង​នេះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​ស្រុក បដិសេធ​ថា ពុំ​មាន​ការ​រឹតត្បិត​សេរីភាព​អី​ដល់​ថ្នាក់​នោះ​ទេ។

 

អភិបាល​ស្រុក​ជ័យសែន លោក ថោង សាកឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​របស់​លោក​ពុំ​មាន​ការ​ដាក់​កំហិត​ចំពោះ​សេរីភាព​ដើរ​ហើរ​របស់​ ប្រជាពលរដ្ឋ ឬ​ការ​ជួប​ប្រជុំ​ដើម្បី​អភិវឌ្ឍ​ក្នុង​សហគមន៍​របស់​ពួក​គាត់​នោះ​ទេ៖ «អាជ្ញាធរ​ណា​ទៅ​គាប​សង្កត់​ប្រជាពលរដ្ឋ​យ៉ាង​ម៉េច មិន​ដែល​មាន​គាប​សង្កត់​អី​ទេ»

 

តែ​ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សម្រប​សម្រួល​គម្រោង​ពង្រឹង​អំណាច​សហគមន៍ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ដែល​ជា​អ្នក​ឃ្លាំ​មើល​បញ្ហា​នេះ អះអាង​ថា ពិត​ជា​មាន​ករណី​ដូច​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ដូច្នេះ​មែន៖ «នៅ​ក្នុង​ ឃុំ​ធ្មា មេ​ឃុំ​គេ​ប្រជុំ​ជា​សាធារណៈ​នៅ​ក្នុង​វត្ត​ធ្មា​ហ្នឹង ដែល​មាន​ប្រជាពលរដ្ឋ​ប្រហែល​ជា ១៥០​នាក់ ចូល​រួម។ គេ​ប្រកាស​ជា​ចំហ​ថា អត់​ឲ្យ​ប្រជាពលរដ្ឋ​ទាក់​ទង​ជាមួយ​សង្គម​ស៊ីវិល ហើយ​ក៏​អត់​ឲ្យ​សង្គម​ស៊ីវិល​ណា​ចូល​ទៅ​ប្រជុំ ឬ​ផ្សព្វផ្សាយ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​របស់​គេ​ដែរ។ បើ​សិន​ជា​មាន​ការ​ចូល​ទៅ​ផ្សព្វផ្សាយ​អី​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង រាយការណ៍​ទៅ​អាជ្ញាធរ គេ​នឹង​ចាត់វិធានការ​ចំពោះ​សង្គម​ស៊ីវិល​ទាំង​អស់​នោះ»

 

លោក​បន្ត​ថា បញ្ហា​ទាំង​នេះ​ជា​ទង្វើ​មួយ​ខុស​ច្បាប់ និង​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហើយ​អាជ្ញាធរ​ស្រុក​គួរ​តែ​ ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ៖ «បើ​សិន​ជា​អាជ្ញាធរ​ធ្វើ​របៀប​ហ្នឹង ទិសដៅ​ដឹកនាំ​របស់​គាត់ គាត់​នឹង​ឈាន​ទៅ​ដល់​ការ​គ្រប់​គ្រង​របៀប​ផ្ដាច់ការ ដូច​ជំនាន់​កុម្មុយនិស្ត​ដូច​កាល​ជំនាន់​រដ្ឋ​កម្ពុជា​ហើយ គឺ​ដើរ​ហើរ​ទៅ​ណា​គឺ​ត្រូវ​តែ​សុំ​ទៅ​អាជ្ញាធរ មាន​លិខិត​អនុញ្ញាត ប្រជាពលរដ្ឋ​ធ្វើ​អ្វី​មួយ​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ បើ​អាជ្ញាធរ​អនុញ្ញាត​បាន​ធ្វើ​បាន​បែប​នេះ វា​ខុស​នឹង​គោលការណ៍​ច្បាប់ និយាយ​ទៅ​វា​ខុស​នឹង​ច្បាប់​ធម្មនុញ្ញ​ទាំង​ស្រុង​តែ​ម្តង»

 

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជ័យសែន កំពុង​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​អនាធិបតេយ្យ​នៃ​សកម្មភាព​កាប់ ​ទន្ទ្រាន​ព្រៃឈើ និង​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ចេញ​ពី​តំបន់​នោះ ហើយ​ពុំ​ទាន់​មាន​ការ​ទប់​ស្កាត់​ឡើយ៖ «ដឹក​ជញ្ជូន​ឈើ​អនាធិបតេយ្យ ខ្ញុំ​ឃើញ​ថា អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង គាត់​ដឹក និយាយ​ទៅ​អ្នក​មាន​អំណាច​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង គាត់​ដឹក​ឈើ​អនាធិបតេយ្យ ដែល​គាត់​បង្កើត​ក្រុម​ការពារ​ហើយ​មិន​ឃើញ​មាន​អ្នក​ណា​មក​ការពារ​ទេ»។ ទាក់​ទង​នឹង​បញ្ហា​ទាំង​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​បើក​វេទិកា​សាធារណៈ​មួយ​នៅ​តំបន់​នោះ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

 

វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ លើក​ឡើង​នៅ​ទស្សនៈ មតិ​យោបល់ សំនួរ សំណូមពរ និង​ការ​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ ទៅ​កាន់​តំណាងរាស្ត្រ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​ជាតិ អន្តរជាតិ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​រក​ដំណោះស្រាយ ដោយ​សន្តិវិធី​ជូន​ប្រជាពលរដ្ឋ។

 

គម្រោង​បើក​វេទិកា​នេះ ក៏​ស្រប​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​អះអាង​ថា ពួក​គាត់​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ការ​ឈូស​ឆាយ​ដី និង​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​ចំនួន​ពីរ​នៅ​តំបន់​នោះ។ ប៉ុន្តែ​គម្រោង​ស្នើសុំ​បើក​វេទិកា​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

http://www.rfa.org/khmer/indepth/villagers_preahvihear_accused_officers-07112012034301.html