The Logging Is Retaking Place Without Obstruction in Prey Lang

August 6, 2012 | Posted in: News

ក្រុម​សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ព្រមាន​ថា ពួក​គេ​នឹង​លើក​គ្នា​រាប់​រយ​នាក់​ចូល​ព្រៃ​ឡង់ នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អានាធិបតេយ្យ ដែល​គេ​ដឹង​ថា កំពុង​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​សមត្ថកិច្ច​ចម្រុះ។

 

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បទ​ឧក្រិដ្ឋ​ព្រៃ​ឈើ ក្នុង​ប្រទេស​កម្ពុជា បាន​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​ការ​កាប់​បំផ្លាញ​ដើម​ច្បោះ ដើម​ឈើ​ទាល និង​ឈើ​ប្រណិតៗ​ជាច្រើន​យ៉ាង​ទៀត យ៉ាង​គគ្រឹក​គគ្រេង​សា​ជា​ថ្មី​ក្នុង​តំបន់​ព្រៃ​ឡង់។

មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ដែល​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​ដែល​មាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់ ​ដោយ​អាវុធ និង​រណា​យន្ត​ត្រង់ស្សឺណឺ គ្រប់​ដៃ កំពុង​ស្ទុះស្ទា​ចុះ​កាប់​បំផ្លាញ​ដើម​ជ័រ​ទឹក​របស់​ពលរដ្ឋ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដោយ​គ្មាន​ខ្លាច​រអា។

លោក​បន្ត​ថា ពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់​នឹង​លើក​គ្នា​រាប់​រយ​នាក់ នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ដើម្បី​ចុះ​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ទី​នោះ។

តំបន់​ព្រៃ​ឡង់​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ចំនួន​បួន មាន​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ។ វា​ជា​ព្រៃ​ធម្មជាតិ ដែល​មាន​ទំហំ​ធំ​ជាង​គេ​នៅ​ភូម​ភាគ​អាស៊ី។ តំបន់​ព្រៃ​ឡង់​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា សម្បូរ​ទៅ​ដោយ​ជា​ព្រៃ​ស្រោង និង​ជីវៈ​ចម្រុះ។ វា​ជា​ជម្រក​សត្វ​ព្រៃ​ចំនួន ២៧​ប្រភេទ និង​មាន​ឈើ​ប្រណិតៗ​ដ៏​មាន​តម្លៃ​ចំនួន ២០​ប្រភេទ។ ពលរដ្ឋ​នៅ​តំបន់​នោះ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា មាន​ចំនួន​ជាង ៧​សែន​នាក់ រស់​នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឡង់ ជា​រៀង​រាល់​ថ្ងៃ។

 

លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា ព្រៃ​ឡង់​កំពុង​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ ចម្រុះ ក្រុមហ៊ុន CRCK និង​ក្រុមហ៊ុន សេង សារ៉ាវុធ។ លោក​បន្ត​ថា ខេត្ត​កំពង់ធំ គឺ​ជា​ចំណុច​ដែល​ក្រុម​ឈ្មួញ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​វៀតណាម ច្រើន​ជាង​គេ បន្ទាប់​មក​គឺ​ខេត្ត​ស្ទឹងត្រែង ស្ថិត​នៅ​ចំណុច​វាល​បី ក្នុង​ឃុំ​អន្លង់ជ្រៃ នៃ​ស្រុក​ថាឡាបរិវ៉ាត់។ លោក​បញ្ជាក់​ថា ផ្អែក​តាម​ការ​ស៊ើប​អង្កេត​របស់​ឈើ​ដែល​ក្រុម​ឈ្មួញ​កំពុង​នាំ​ចេញ​ទៅ​លក់​ នៅ​ប្រទេស​ឡាវ និង​វៀតណាម នោះ មាន​ឈើ​ដួងចែម កកោះ ឈើ​ទាល និង​ដើម​ច្បោះ ដែល​គេ​ដឹក​តាម​គោយន្ត រទេះ ឬ​តាម​ទូក​ជា​ដើម។

 

លោក ឈឹម សាវុធ បន្ត​ទៀត​ថា ឈើ​ប្រណិតៗ​ដ៏​មាន​តម្លៃ​ខ្ពស់​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ នឹង​ត្រូវ​កាប់​បំផ្លាញ​ដាច់​ពូជ​អស់ ប្រសិន​បើ​គ្មាន​ការ​ទប់​ស្កាត់​ទាន់​ពេល​វេលា​ទេ​នោះ។

 

លោក​បន្ត​ថា យ៉ាង​ហោច​ណាស់​មាន​ឡាន​កែច្នៃ​ប្រភេទ​គោយន្ត​ប្រមាណ​ជាង ១០គ្រឿង ក្នុង​មួយ​ថ្ងៃ ដឹក​ឈើ​មូល​រុំ​តង់​កៅស៊ូ​យ៉ាង​ជិត កាត់​តាម​ស្រុក​ទំរីង។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​អះអាង​ថា ពុំ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ដោយ​ក្រុម​សមត្ថកិច្ច ឬ​ក្រុមហ៊ុន​ឯកជន ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

 

អភិបាល​រង​ខេត្ត​កំពង់ធំ ទទួល​បន្ទុក​ធនធាន​ធម្មជាតិ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណា​មួយ អំពី​ការ​បំផ្លាញ​ឈើ​ធ្វើ​ជំនួញ​ពី​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ នេះ​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា សមត្ថកិច្ច​របស់​ខេត្ត​បាន​ខិតខំ​ប្រឹង​ការពារ​តំបន់​នោះ​យ៉ាង​ហ្មឺងហ្មាត់។

 

ការ​អះអាង​ថា គ្មាន​សកម្មភាព​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​មាន​ការ​ចូល​រួម​ពី​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​កំពង់ធំ នេះ ត្រូវ​ពលរដ្ឋ​សហគមន៍​ការពារ​ព្រៃ​ឡង់​ច្រាន​ចោល ហើយ​ដើម្បី​បញ្ជាក់​ថា ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ កំពុង​កើត​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ពិត​មែន​នោះ ពួក​គេ​ស្ម័គ្រចិត្ត​ចុះ​ទៅ​បង្ហាញ​ដល់​ទី​កន្លែង និង​ចាប់​ជន​ល្មើស​ជូន​សមត្ថកិច្ច ប្រសិន​បើ​អាជ្ញាធរ​យល់​ព្រម។

 

លោក ស៊ឹម ស៊ាន ជា​សកម្មជន​ការពារ​ព្រៃ​ឡង់ ហើយ​ដែល​អះអាង​ថា ជា​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​នៃ​សកម្មភាព​កាប់ និង​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​នោះ បញ្ជាក់​ថា លោក​បាន​ថត​រូប​រថយន្ត​ដឹក​ឈើ និង​បាន​ឃើញ​ក្រុម​ប្រដាប់​អាវុធ​ផ្សំគំនិត​ជាមួយ​ជន​ល្មើស នាំគ្នា​ធ្វើ​អាជីវកម្ម​នៅ​ទី​នោះ។
លោក​ថ្លែង​ថា សហគមន៍​របស់​លោក​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​បដិសេធ​របស់​អភិបាល​រង​ ខេត្ត​កំពង់ធំ ដែល​ថា​គ្មាន​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្ថិត​ក្នុង​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ដែល​គេ​តែង​ឮ​រណា​យន្ត​អា​ថ្លង់​បំពង​ពេញ​ព្រៃ​រៀង​រាល់​ថ្ងៃ​នោះ។

 

ការ​បដិសេធ​របស់​អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន នេះ មិន​ស៊ី​សង្វាក់​គ្នា​នឹង​លោក ចាន់ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នោះ​ទេ។

 

លោក ចាន់ សារុន បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា លោក​បាន​ដឹង​ព័ត៌មាន​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ នោះ​មែន ហើយ​ថា លោក​ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​បញ្ហា​នេះ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។

 

លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មាន​ប្រសាសន៍​បន្ត​ថា ក្រសួង​កសិកម្ម​ក៏​កំពុង​ចុះ​សិក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ព្រៃ​ឡង់ មុន​ពេល​រដ្ឋាភិបាល​ប្រកាស​ចេញ​អនុក្រឹត្យ​ដាក់​តំបន់​ព្រៃ​ឡង់ ស្ថិត​ជា​តំបន់​អភិរក្ស។

 

អង្គការ​អន្តរជាតិ​មួយ ដែល​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា បាន​រាយការណ៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក ឈើ​ប្រណិតៗ​ក្នុង​តំបន់​ព្រៃ​ឡង់ បាន​រង​ការ​កាប់​បំផ្លាញ​ស្ទើរ​ហិនហោច​ទាំង​ស្រុង ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ស៊ី​ជម្រៅ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូច​ជា​ក្រុមហ៊ុន ភាពីម៉ិច ក្រុមហ៊ុន CRCK និង​ក្រុមហ៊ុន សេង សារ៉ាវុធ ជាដើម​នោះ។

 

ក្រុម​អ្នក​ជំនាញ​ខាង​ផ្នែក​បរិស្ថាន​និយាយ​ថា ប្រសិន​បើ​ប្រទេស​មួយ​ដែល​ខ្ជះខ្ជាយ​ធនធាន​ធម្មជាតិ​របស់​ខ្លួន ហើយ​ខ្វះ​ការ​អនុវត្ត​ច្បាប់​នោះ នឹង​អាច​នាំ​ឲ្យ​មាន​វិបត្តិ​សង្គម ដូច​ជា​មាន​ការ​ឡើង​កម្ដៅ​ផែនដី ការ​បង្កើន​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស ការ​ហិនហោច​សត្វ​ព្រៃ ព្រៃ​ឈើ ជីវិត​មនុស្ស ការ​បំផ្លាញ​នូវ​ប្រព័ន្ធ​ការពារ​បរិស្ថាន និង​អាច​ធ្វើ​ឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ដ៏​ធ្ងន់ធ្ងរ។

 

សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ Oxford ក្នុង​ប្រទេស​អង់គ្លេស លោក ប៉ូល កូលៀរ (Paul Collir) ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្រីក្រ​មួយ​ខ្វះ​ការ​គ្រប់គ្រង ចាត់ចែង​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ភោគទ្រព្យ​ដ៏​មហាសាល​ពី​ធម្មជាតិ នៃ​ប្រទេស​របស់​ខ្លួន វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ប្រទេស​នោះ​ក្រីក្រ​ងើប​មិន​រួច ហើយ​ម្យ៉ាង​ទៀត វា​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ដូច​ជា​សង្គ្រាម​ក្នុង​ស្រុក និង​អស្ថិរភាព​នយោបាយ៕

 

http://www.rfa.org/khmer/indepth/logging_in_preyland-08032012034421.html