CSOs React against the Draft Law on the Management and Use of Agricultural Land

July 26, 2012 | Posted in: News

សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម​នៅ​កម្ពុជា បាន​គំរាម​កំហែង​ដក​យក​សិទ្ធិ​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​ឯកជន និង​លុប​ចោល​រាល់​លក្ខខណ្ឌ​កំហិត​ទាំង​អស់ លើ​ដី​សម្បទាន​សេដ្ឋកិច្ច។ សេចក្តី​ព្រាង​ច្បាប់​នោះ បាន​បង្ក​លក្ខណៈ​ឲ្យ​អ្នក​ដណ្ដើម​ដី​គេ បាន​ទទួល​សិទ្ធិ​ការពារ​ស្រប​ច្បាប់ និង​អាច​ដាក់​គុក​កសិករ​ជា​ម្ចាស់​ដី បើ​កាល​ណា​ពួក​គាត់​មិន​អនុវត្ត​តាម​បទ​បញ្ជា​ណា​មួយ ទាក់ទង​មាត្រា​នានា​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម​នៅ​កម្ពុជា។

 

អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) បាន​រិះគន់​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​មួយ​មាន​ឈ្មោះ​ថា សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ បាន​វាយ​តម្លៃ​ថា សេចក្តី​ព្រាង​ច្បាប់​នោះ​អាច​បង្កើត​ឲ្យ​មាន​ផលវិបាក​ផ្សេងៗ លើ​អ្នក​កាន់​កាប់​ដី​ឯកជន ហើយ​អាច​ដាក់​គុក​

កសិករ​ម្ចាស់​ដី​ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀល ទៅ​១០លាន​រៀល​ទៀត​ផង។ លោក អំ សំអាត ប្រធាន​ក្រុម​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ មាន​ប្រសាសន៍​ថា ខ្លឹមសារ​សេចក្តី​ព្រាង​ច្បាប់​នេះ មាន​ចំណុច​ខ្លះ​មិន​ត្រឹមត្រូវ​ឡើយ ត្រូវ​មាន​ការ​កែ​សម្រួល​ឡើង​វិញ ពីព្រោះ​វា​រឹត​បណ្ដឹង​លើ​កសិករ។

 

លោក អំ សំអាត៖ «ច្បាប់​នេះ បើ​យើង​មើល​ទៅ វា​ហាក់​ដូច​ជា​រឹត​បណ្ដឹង​ទៅ​លើ​កម្មសិទ្ធិ​ឯកជន​របស់​កសិករ។ ហើយ​ដី​នោះ បើ​សិន​ជា​គាត់​មាន​ដី ហើយ​គេ​ចង់​អភិវឌ្ឍ​ជា​កសិកម្ម​នោះ គាត់​ត្រូវ​តែ​ចូល​ជា​មួយ​គេ។ ហើយ​បើ​សិន​ជា​មិន​ចូល​ទេ រដ្ឋ​គេ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ គាត់​អាច​មាន​ទោស​ទៀត។ អីចឹង​មាន​ន័យ​ថា សិទ្ធិ​ចាត់​ចែង​លើ​ដី​គាត់​នោះ​ត្រូវ​បាន​បាត់បង់​ហើយ។ អីចឹង យើង​ឃើញ​ថា ច្បាប់​នេះ​វា​មិន​ល្អ វា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​ដល់​កសិករ»

 

លោក អំ សំអាត មាន​ប្រសាសន៍​បន្ថែម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ បាន​កំណត់​កសិករ​ឲ្យ​ដាំ​នូវ​អ្វី​ដែល​ក្រសួង​កំណត់ និង​បាន​បើក​សិទ្ធិ​ឲ្យ​រដ្ឋ​អាច​ហាម​ប្រាម បំផ្លាញ​ដំណាំ​កសិករ​បាន​ទៀត​ផង៖ «វា​ដូច​ជា​ដាក់​កំហិត​ដែរ បើ​សិន​ជា​ប្រជា​កសិករ​នោះ​គាត់​ដាំ​ដំណាំ​ទៅ វា​អត់​ត្រូវ​តាម​ស្តង់ដារ​ការ​ប្រើ​ជីរ វា​អាច​ប៉ះពាល់​ដល់​ដី​អី​ទៅ គឺ​រដ្ឋ​គេ​មាន​សិទ្ធិ​ដក​ហូត ឬ​ក៏​បញ្ឈប់ ឬ​បំផ្លាញ​ចោល​រាល់​ដំណាំ​របស់​គាត់​ចោល​ដែរ។ អានេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​ដល់​កសិករ»

 

សេចក្តី​ព្រាង​ច្បាប់​នេះ​ប៉ះពាល់​ដល់​សិទ្ធិ​ចាត់ចែង​លើ​ដី​កសិកម្ម​ របស់​កសិករ ដោយ​សារ​កសិករ​ខ្លះ​មាន​ដី​ទំហំ​តូច ដូច្នេះ​គាត់​ត្រូវ​បង្ខំ​ចិត្ត​ដាំ​ដំណាំ​តាម​អ្នក​មាន​ដី​ទំហំ​ធំ។ ប្រភព​អង្គការ លីកាដូ បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម​នៅ​កម្ពុជា​នេះ ត្រូវ​

បាន​អង្គការ ស្បៀង និង​កសិកម្ម របស់​អង្គការ​សហប្រជាជាតិ ហ្វាវ (FAO) ជា​អ្នក​ជួយ​ផ្តល់​ថវិកា​ជិត ១០ម៉ឺន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។

 

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​សុំ​ការ​អធិប្បាយ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៤ កក្កដា។ ប៉ុន្តែ ព្រឹត្តិបត្រ​ព័ត៌មាន​ឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ដក​ស្រង់​សម្ដី​របស់​លោក ចាន់ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ទាក់ទង​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា ច្បាប់​នេះ​នៅ​ក្នុង​ដំណាក់កាល​ជា​សេចក្តី​ព្រាង​នៅ​ឡើយ ហើយ​ក្រសួង​កសិកម្ម​មាន​គម្រោង​អញ្ជើញ​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ មួយ​ចំនួន ចូល​រួម​ពិភាក្សា​នៅ​ពេល​ខាង​មុខ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​ថា ច្បាប់​នេះ​មិន​មាន​ការ​តឹងតែង​នោះ​ទេ ហើយ​ក្រសួង​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​បាត់បង់​ដី​កសិកម្ម។

 

កសិករ​មួយ​រូប​ឈ្មោះ លន់ ស៊ាត រស់​នៅ​ខេត្ត​បាត់ដំបង មាន​យោបល់​ថា គេ​មិន​អាច​បង្ខំ​កសិករ​ឲ្យ​ដាំ​ដំណាំ ដែល​មិន​មាន​ផល​បាន​ឡើយ។ ប៉ុន្តែ​បើ​ដាំ​ទៅ​បាន​ផល កសិករ​មុខ​ជា​ធ្វើ​តាម​ជា​មិន​ខាន៖ «ទេ​រឿង​ នេះ វា​មិន​ត្រឹម​ត្រូវ​ទេ។ ពីព្រោះ​យើង​ជា​កសិករ​មួយ​រូប យើង​មើល​ឃើញ​ដែរ​ណា មើល​ឃើញ​អ្វី​ដែល​ធ្វើ​ទៅ​បាន អ្វី​ដែល​ធ្វើ​ទៅ​មិន​កើត។ យើង​មាន​សិទ្ធិ អ្វី​ដែល​ធ្វើ​ទៅ​លូត​លាស់ អ្វី​ដែល​ធ្វើ​ទៅ​ធានា​ភោគផល​បាន​ល្អ។ យើង​មិន​អាច​តាម​គេ​ថា ដី​យើង​ត្រូវ​តែ​ដាំ​នោះ​ទេ បើ​យើង​ដាំ​មិន​កើត ហើយ​តើ​យើង​ដាំ​ទៅ​ធ្វើ​អី

 

លោក អំ សំអាត នៅ​អង្គការ លីកាដូ សង្ឃឹម​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មុខ​ជា​កែប្រែ​ចំណុច​ខ្លះ​នៃ​ច្បាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កសិករ ដែល​មាន​ដី​តិចតួច​ជា​មិន​ខាន៖ «អានេះ​យើង​គ្រាន់​តែ​សង្ឃឹម​ថា ការ​បង្ហាញ​នូវ​ការ​កង្វល់​របស់​សង្គម​ស៊ីវិល​យើង ទៅ​លើ​មាត្រា​មួយ​ចំនួន ដែល​ទាក់​ទង​ជាមួយ​ច្បាប់​នេះ។ យើង​សង្ឃឹម​ថា ក្រសួង​នឹង​ពិចារណា និង​កែ​ឡើង​វិញ ធ្វើ​យ៉ាង​ណា បើក​សិទ្ធិ​ទូលាយ​ទៅ​ដល់​កសិករ​តូចតាច ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដោយ​សារ​ច្បាប់​នេះ»

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម មាន ១១​ជំពូក និង​ចែក​ចេញ​ជា ៦២​មាត្រា។ សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ បាន​ធ្វើ​ហើយ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១១៕

http://www.rfa.org/khmer/indepth/ngo_react_to_draft_law_on_manage_and_use_agriculture_land-07252012041714.html

ដោយ កែវ និមល