Authorities Arrested timber smugglers nearby Vietname Border

July 24, 2012 | Posted in: News


ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ចាប់​បាន​ឈើ​ប្រណិត​ប្រភេទ​ឈើ​ធ្នង់​ប្រមាណ ៣០​កំណាត់ ខណៈ​ពេល​ក្រុម​ឈ្មួញ​ប៉ុន​ប៉ង​ដឹក​ជញ្ជូន​ឈើ​នោះ​ចេញ​តាម​ច្រក​របៀង​ព្រំដែន ​មួយ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

 

ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន លោក ឡុង រុក្ខា ឲ្យ​ដឹង​ថា កាល​ពី​រាត្រី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ ឆ្លង​ចូល​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ ក្រុម​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​រថយន្ត​ទេសចរណ៍​មួយ​គ្រឿង​ប៉ុន​ប៉ង​ដឹក​ ជញ្ជូន​ឈើ​នោះ​ចេញ​តាម​ផ្លូវ​ទៅ​ច្រក​របៀង​ព្រំដែន​បំណង​ចេញ​ទៅ​ប្រទេស​ វៀតណាម ដោយ​ខុស​ច្បាប់ ក៏​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​បាន​ស្ទាក់​ចាប់​ទើប​អ្នក​បើក​បរ​រថយន្ត​បើក​ រុល​ទៅ​មុខ ហើយ​ទំលាក់​ឈើ​ចេញ​ពី​រថយន្ត​បើក​គេច​ចេញ​ពី​ទី​កើត​ហេតុ​ទៅ។ ក្រុម​សមត្ថកិច្ច​បាន​ប្រមូល​កំណាត់​ឈើ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​មួយ​រូប​ជា​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ​មក​ រក្សា​ទុក​នៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​ជា​ បណ្ដោះអាសន្ន ដើម្បី​ប្រគល់​ជូន​សមត្ថកិច្ច​ព្រៃ​ឈើ​ចាត់​វិធានការ​រក​ជន​ប្រព្រឹត្ត​ ល្មើស​ច្បាប់​នេះ។

 

លោក​បន្ត​ថា ដោយសារ​ស្ថានភាព​ទីតាំង​បង្ក្រាប​មាន​សភាព​ងងឹត និង​មាន​ភ្លៀង​ធ្លាក់ ទើប​រថយន្ត​នោះ​បើក​ចេញ​ទៅ​កាន់​ច្រក​របៀង​នោះ​បាត់​ទៅ៖ «ឃាត់​ទៅ​គាត់​ មិន​ព្រម​ស្ដាប់​យើង គាត់​រុញ​ឈើ​ទម្លាក់​អស់​ទៅ គាត់​បើក​ឡាន​ទៅ​មុខ​បាត់​ទៅ​ណា! ពីរ​នាក់ តែ​យើង​ឃាត់​បាន​តែ​ព្រូ​ឡាន​ម្នាក់​ទេ​ណា! ជេរ​បញ្ចោរ​ខាង​កម្លាំង​ខ្ញុំ អូ! ដល់​ហើយ គំរាម​កំហែង។ ស្ថានភាព​វា​យប់​ហើយ​វា​រលឹម វា​ភ្លៀង​ផង ដល់​អ៊ីចឹង​យើង​ពិបាក​ធ្វើ​ការ។ ម្នាក់ៗ​ឮ​សូរ​តែ​កម្លាំង​ប្រដាប់​អាវុធ​ដែរ ម៉េច​ហ៊ាន ខ្លាច​គាត់​មាន​អាវុធ​គាត់​បាញ់​មក​ខ្លាច​គ្រោះថ្នាក់​ដល់​កម្លាំង​យើង ដល់​អ៊ីចឹង​យើង​គ្រាន់​តែ​ទប់ៗ​យក​តែ​សម្ភារៈ​មក»

ព័ត៌មាន​ជំហាន​ដំបូង​ដែល​ក្រុម​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ គឺ​អ្នក​បើក​បរ​រថយន្ត​ដឹក​ឈើ​នេះ​ឈ្មោះ ពេជ្រ ទំនង​មាន​តួនាទី​ជា​មន្ត្រី​យោធា​វរការពារ​ព្រំដែន ១០១ មាន​បញ្ជា​ការដ្ឋាន​នៅ​តំបន់​នោះ​ដែរ និង​អ្នក​រួម​ដំណើរ​ឈ្មោះ រម៉ាស់ បូរាន់ ពួក​គេ​មាន​ទី​លំនៅ​ក្នុង​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ។ ចំណែក​រថយន្ត​ដឹក​មាន​ឈើ​ជា​ប្រភេទ​រថយន្ត​ទំនើប​ម៉ាក​ឡិចស៊ីស ៤៥០ (Lexus 450) ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ2D-0924។

 

នាយ​សង្កាត់​ព្រៃ​ឈើ​អូរយ៉ាដាវ នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី លោក ជា កុលណារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រភព​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​ការ​ដឹក​ជញ្ជូន​ឈើ​នេះ​មាន​ពាក់ព័ន្ធ​មន្ត្រី​មាន​អំណាច​ជា​យោធា។ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រមូល​វត្ថុ​តាង​ជាក់លាក់​សិន ដើម្បី​រក​ឲ្យ​ឃើញ​ជន​ប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ។

 

លោក​បន្ត​ថា សមត្ថកិច្ច​លោក​នឹង​ទៅ​ប្រមូល​វត្ថុ​តាង និង​សាក​សួរ​ជន​សង្ស័យ​មុន​នឹង​កសាង​សំណុំ​រឿង​នេះ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់៖ «យប់​មិញ​ដល់​ម៉ោង​៣ ហើយ​ដល់​យប់​ហើយ​ក៏​ខ្លាច​សុវត្ថិភាព​ដល់​មន្ត្រី​យើង​ឥឡូវ​នេះ​យើង​ដក​ថយ​ សំខាន់​យើង​យក​តែ​វត្ថុ​តាង​មក​សិន​ចាំ​យើង​ដាក់​កម្លាំង​យើង​ចុះ​ទៀត ព្រោះ​ច្រក​ហ្នឹង​វា​ទៅ​ណា​វា ព្រោះ​យើង​បាន​បិទ​កម្លាំង​យើង​យាម​នៅ​ក្រៅ​ណា

 

រហូត​មក​ទល់​នឹង​ម៉ោង ៣​រសៀល ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ មិន​មាន​ប្រភព​ព័ត៌មាន​ណា​បញ្ជាក់​ថា តើ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​នោះ​ត្រូវ​បាន​រក​ឃើញ ឬ​យ៉ាង​ណា​ទេ។ ក៏​ប៉ុន្តែ​មន្ត្រី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​រថយន្ត​ដឹក​ឈើ​បើក​រត់​គេច គឺ​ជា​ច្រក​ផ្លូវ​ចេញ​ចូល​របស់​កង​កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៃ​ នគរបាល និង​យោធា​នៅ​តំបន់​នោះ ដូច្នេះ​រថយន្ត និង​ជនល្មើស​មិន​អាច​គេច​ចេញ​ទៅ​ណា​បាន​ឡើយ៕

 

http://www.rfa.org/khmer/indepth/illegal_logs-07232012044652.html

ដោយ រដ្ឋា វីសាល