អ្នកកាសែតពីរនាក់បាត់ខ្លួននៅក្នុងការផ្ទុះអាវុធដែលសម្លាប់មនុស្ស២នាក់

April 27, 2012 | Posted in: Press

សេចក្តីថ្លែងការណ៍

          ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាពសារព័ត៌មាន និងសុវត្ថិភាពរបស់អ្នកកាសែតនៅក្នុង ប្រទេសកម្ពុជា បន្ទាប់ពីជនមិនស្គាល់មុខបានធ្វើ ការបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិនិងអតីតមន្រ្តី PM ម្នាក់ ហើយស្រ្តីអ្នកកាសែត ឌឺឃែមបូឌាដេលី ២នាក់គឺទី១ឈ្មោះ ផន បុប្ជា ជនជាតិខ្មែរ និងទី២ ឈ្មោះ Olesia PloKhii ជនជាតិអាមេរិកកាំង បានបាត់ខ្លួនក្នុងហេតុការបាញ់ប្រហារនោះ។

 

តាមព័ត៌មានដែល ក.អ.ក ទទួលបានហេតុការណ៍បាញ់ប្រហារនោះកើតឡើងនៅវេលា ម៉ោង ១២ ថ្ងៃត្រង់ទី ២៦ ខែ មេសា ឆ្នាំ ២០១២ នៅក្នុងព្រៃចំណុចឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្ត កោះកុង ក្នុងពេលដែលអ្នកកាសែតឌីឃែមបូឌាដេលីនិងមន្រ្តីបរិស្ថាន ចុះបេសកកម្មយកព័ត៌មានអំពី ការកាប់បំផ្លាញព្រៃឈើនៅចំណុចកើតហេតុ ។

ក.អ.ក មានក្តីរន្ធត់យ៉ាងខ្លាំងដោយបានទទួលដំណឹងអំពីឃាតកម្មដ៏សោកសង្រេងនិង ការបាត់ខ្លួនអ្នកកាសែតទាំងពីររូបនេះ ។ ក.អ.ក សូមសម្តែងការសោក ស្តាយនិងចូលរួមមរណៈ ទុក្ខចំពោះមរណភាពរបស់ជនរងគ្រោះ និងសម្តែងការព្រួយបារម្ភចំពោះ សុវត្ថិភាពអ្នកកាសែត ទាំងពីររូបដែលបាត់ខ្លួននិងមិនទាន់ទទួលដំណឹងរហូតមកដល់ពេលនេះ ។

 

 

ក.អ.ក ដែលជាអង្គការព័ត៌ មានឯករាជ្យមានសមាជិកជាអ្នកសារព័ត៌មានជិត ៣០០ រូប នៅទូទាំងប្រទេសសូមឲ្យអាជ្ញាធរស្វែងរកឲ្យឃើញនិងដោយសុវត្ថិភាពស្រ្តីអ្នកកាសែត២រូបដែល បានបាត់ខ្លួន។ ទន្ទឹមនោះ ក.អ.ក សូមថ្កោលទោស ចំពោះអំពើឃាតកម្មខាង លើនេះ និងទាមទារ ឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតនិង ស្វែងរកចាប់ខ្លួនឃាតករនិង អ្នកជាប់ពាក់ព័ន្ធបញ្ជូន ទៅ​តុលាការ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន បើទោះជាឃាតកម្មនោះបណ្តាលមកពី មូលហេតុអ្វីក៏ដោយ ។

ក្លឹបអ្នកកាសែតកម្ពុជា គឺជាអង្គការឯករាជ្យមានបេសកកម្មបម្រើផលប្រយោជន៍ និង ការពារអ្នកកាសែត ព្រមទាំងលើកកម្ពស់សេរីភាពសារព័ត៌មាននិងពង្រឹងវិជ្ជាជីវៈសារព័ត៌មាន នៅក្នុង ប្រទេសកម្ពុជា ។

ភ្នំពេញ,ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១២

                                                                          ក្លឹបអ្នកកាសែតកម្ពុជា