ញាត្តិ

June 6, 2012 | Posted in: News

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ញាត្តិ

យើងខ្ញុំទាំងអស់គ្នាជាយុវជន សមាគម និងប្រជាសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ធ្វើ​ការ​​ងារលើ​វិស័យ​ព្រៃឈើ បរិស្ថាន ទំនប់វារីអគ្គីសនី និងធនធាធម្មជាតិ។

សូមគោរពចូលមក

សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

សូមមេត្តាជ្រាប ។

កម្មវត្ថុៈ សុំអន្តរាគមន៍ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តតាម             បទបញ្ជាលេខ០១របស់នាយករដ្ឋមន្រ្តី និងច្បាប់ពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា

យោងៈ ច្បាប់ស្តីពី ការបង្កើតក្រសួងបរិស្ថាន ចុះថ្ងៃទី​ ២៤ ខែមករា ឆ្នាំ១៩៩៦

-ច្បាប់ភូមិបាលឆ្នាំ២០០១

–  ច្បាប់ ស្តីការបង្កើតក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី​ ២៤ ខែមករា ឆ្នាំ១៩៩៦

–  ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៦

–  ច្បាប់ស្តីពី ព្រៃឈើឆ្នាំ២០០២

–  បទបញ្ជារលេខ ០១ ស្តីពីការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២

តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមអនុញ្ញាតជម្រាបជូនសម្តេចមេត្តាជ្រាបថា រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាយើងបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងផ្នែកបរិស្ថាន ដូចជា ការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវរលកកំដៅ ទឹកជំនន់ ខ្យល់ព្យុះ និងការបាត់បង់នូវ ធនធានជីវៈចំរុះទាំងលើដី និងក្នុងទឹកដែលបណ្តាលមកពីការ​បាត់បង់ព្រៃឈើ និងការរេចរិលព្រៃឈើ ព្រមទាំងការបាត់បង់ធនធានធម្មជាតិ គឺជាបញ្ហា​ប្រឈម​មួយយ៉ាងសំខាន់ចំពោះប្រជាពលរដ្ឋខ្មែរ។​ការកាប់បំផ្លាញព្រៃឈើ​យ៉ាង​អណាធិបតេយ្យពីសំណាក់អ្នកមានលុយ មានអំណាចមួយចំនួនកំពុង​តែ​ធ្វើចរាចរ​ជារៀងរាល់ថ្ងៃ​គ្មានការ​ទប់ស្កាត់​ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ ការសាងសង់​ទំនប់វារីអគ្គិសនីក៏កំពុង​តែធ្វើ​ឲ្យអន្តរាយដល់ព្រៃឈើ​ធម្មជាតិយ៉ាងខ្លាំង និងបានធ្វើឲ្យគំរបព្រៃឈើ​ត្រូវថយ​ចុះយ៉ាងខ្លាំង។ ដោយសារឥទ្ធិពលអវិជ្ជមានពី​ការប្រែប្រួល​អាកាស​ធាតុ​ ដូចជា៖​ កំណើន​សីតុ​ណ្ហ​ភាព​​កើនឡើង ការផ្លាស់ប្តូររបបទឹក​ភ្លៀង​ ទឹកជំនន់ និងភាពរាំងស្ងួត ការបាត់បង់នូវប្រព័ន្ធជីវៈចំរុះ​ទាំងក្នុងទឹក និង​លើដី កើតមាន​កាន់​តែ​ញឹក​ញាប់និងកាន់តែធ្ងន់ធ្ងរ។ ហើយនិងបញ្ហាជា​ច្រើនទៀត​កំពុង​កើតឡើងជាបន្តបន្ទាប់។ ហើយបញ្ហា​ទាំងអស់នេះ​វាបានធ្វើ​ឱ្យប៉ះ​ពាល់ដល់ស្ថានភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​​ដូច​ជា៖ ជីវភាព ការប្រកប​របរ ​ចិញ្ចឹម ជីវិត ហើយបញ្ហាដែលសំខាន់នោះគឺ បញ្ហា​សុខភាព និងសុវត្ថិភាព​របស់ប្រជាពលរដ្ឋ​ដែលបណ្តាល មកពីការបាតុភូតធម្មជាតិ ដែលយើង​មិនអាចទប់ស្កាត់បាន និង​មិន​អាចព្យាករណ៍​បាន។ ករណីជាក់ស្តែងដូចជា កាលពីឆ្នាំ២០១១ កន្លងទៅ ប្រជាជនកម្ពុជា​បាន​ទទួល​​រង​គ្រោះពីគ្រោះទឹកជំនន់ដែលសំលាប់ប្រជាពលរដ្ឋចំនួន ២៤៧នាក់ និងរងរបួសចំនួន ២០នាក់ បាន​បំផ្លាញ​ដំ​ណាំ​កសិកម្មអស់ចំនួន ២៣២,៣៧៧ ហិកតា។ ទឹកជំនន់​នេះបានប៉ះ​ពាល់ដល់ខេត្តចំនួន១៨ ក្នុងចំនោម ២៤ខេត្ត ក្រុង។​ ខេត្តកំពង់ធំបានរងផលប៉ះពាល់ចំនួន ៥៤,៤១៤ គ្រួសារ សំលាប់មនុស្សអស់ ៤១នាក់។​

ដូច្នេះប្រសិនបើរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងស្ថាប័នតំណាងរាស្ត្រមិនយក​ចិត្តទុក​ដាក់ និងធ្វើការ​ដោះស្រាយ បញ្ហាការកាប់បំផ្លាញព្រៃឈើនេះឱ្យទាន់ពេលវេលាប្រកបដោយ​ប្រសិទ្ធិ​​ភាពទេ ព្រៃឈើ និងធនធានធម្មជាតិ​​ដ៏មានតម្លៃ របស់កម្ពុជាពិតជានឹងត្រូវវិនាស ហើយនឹង​មាន​​ផលប៉ះ​ពាល់​បរិស្ថាន​​កាន់តែធ្ងន់ធ្ងរ​ទៅៗ ជាងនេះ​ទៀត​នោះវាក៏ធ្វើឱ្យមានការប៉ះពាល់យ៉ាង​ខ្លាំងដល់​ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច និងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​របស់ប្រទេស​ទាំងមូល។

យើងខ្ញុំទាំងអស់គ្នាជាយុវជន            ប្រជាពលរដ្ឋសហគមន៍ សកម្មជនការពារព្រៃឈើ​សូម​ទាមទារ​ ឱ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ ឱ្យមានប្រសិទ្ធិភាព​ក្នុងការការពារ​ព្រៃឈើ និងធន​ធាន​ធម្មជាតិ និងបង្កើតគោលនយោបាយដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។

 

សំណូមពរ

–  សូមឱ្យរាជរដ្ឋាភិបាលបញ្ឈប់រាល់បទល្មើសព្រៃឈើដែលកំពុងកើតមាន

–  គ្រប់គ្រង់ការប្រើប្រាស់ធនធានធម្មជាតិឲ្យមានតម្លាភាព និងគណនេយ្យភាព​ឱ្យមាន​

​   ការវាយតម្លៃផលប៉ះពាលត្រឹមត្រូវ

–  ជុំរុញឲ្យអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នរដ្ឋាភិបាលអនុវត្តតាមលេខបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពី ការ​បញ្ឈប់​ការផ្តល់ដីសម្បទាន សេដ្ឋកិច្ចឱ្យមានប្រសិទ្ធិភាព។

–  រដ្ឋាភិបាលត្រូវតែដាក់ទោសទណ្ឌចំពោះមន្ត្រីរទាំងឡាយណាដែលឃុបឃិតជាមួយឈ្មួញ ក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។

–  គាំទ្រ និងទទួលស្គាល់សកម្មភាពសហគមន៍ សមាគម សិស្ស និស្សិតដែលខិតខំព្រឹងប្រែង​ការពារធនធានធម្មជាតិ

–  បញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពមកលើអ្នកការពារព្រៃឈើ ការពារធនធានធម្មជាតិ និងបរិស្ថាន

 

 

អាស្រ័យហេតុនេះសូមសម្តេចមេត្តាពិនិត្យ និងចាត់វិធានការចំពោះស្ថាប័នពាក់ព័ន្ធឱ្យអនុវត្ត តាមច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពដើម្បីថែរក្សាព្រៃឈើ និងធនធានធម្ម ជាតិ នៅប្រទេសកម្ពុជាឱ្យបានគង់វង្ស ដើម្បីនិរន្តរភាពនៃបរិស្ថាន។

សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

រាជធានីភ្នំពេញ,ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២

ហត្ថលេខាតំណាង